អង់គ្លេស និងតួកគីបើកការចរចាពាណិជ្ជកម្មទ្វេភាគី

ឡុងដ៍៖ ចក្រភពអង់គ្លេស ក្នុងថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមបើកការចរចាលើពាណិជ្ជកម្ម ក្រោយការចាកចេញពីសហភាពអឺរ៉ុប (Post-Brexit) ជាមួយប្រទេសតួកគី ក្នុងគោលបំណងស្វែងរកឱកាសជំរុញសន្ទុះសេវាឧស្សាហកម្មរបស់ខ្លួន។

កិច្ចចរចាពាណិជ្ជកម្មរវាងអង់គ្លេស និងតួកគី បើកជាផ្លូវការនៅក្នុងទីក្រុងឡុងដ៍ ស្ថិតក្រោមវត្តមានរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស លោកស្រី Kemi Badenoch និងសមភាគីតួកគី លោក Omer Bolat។ ការិយាល័យរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានឱកាសដ៏ធំសម្រាប់អង់គ្លេស… ដោយសារតែតួកគីជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតមួយ នៅក្នុងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) និងជាផ្ទះរបស់ប្រជាជនចំនួន ៨៥លាននាក់។

បើតាមសេចក្តីថ្លែងការណ៍ដដែល អង់គ្លេស និងតួកគីមានទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ ជាមួយនឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃជិត ២៦ពាន់លានផោន ឬចំនួន ៣៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

ទន្ទឹមគ្នា អង់គ្លេសក៏បាននឹងកំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនធ្លាប់មាន ចាប់តាំងពីការចាកចេញពីសហភាពអឺរ៉ុបក្នុងខែមករា ឆ្នាំ២០២១ផងដែរ។ តួយ៉ាង ក្រៅពីសហភាពអឺរ៉ុប អង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី នូវែលសេឡង់ និងសិង្ហបុរី។ បច្ចុប្បន្នអង់គ្លេសក៏កំពុងស្ថិតក្នុងការចរចាជាមួយម៉ិកស៊ិក និងកូរ៉េខាងត្បូងផងដែរ ខណៈដែលការចរចាជាមួយឥណ្ឌាអូសបន្លាយ។

អង់គ្លេសក៏បានចូលរួមជាមួយប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១១ ដែលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ប៉ុន្តែអង់គ្លេសបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងដែលចង់បានជាច្រើនជាមួយសហរដ្ឋអាមេរិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner