សហរដ្ឋអាមេរិកវាយកម្ទេចមីស៊ីលប្រឆាំងនាវា និងយន្តហោះដ្រូនបន្ថែមទៀតរបស់ក្រុមហ៊ូទី

វ៉ាស៊ីនតោន៖ យោធាអាមេរិក ក្នុងថ្ងៃព្រហស្បតិ៍ និយាយថា ខ្លួនបានបំផ្លាញមីស៊ីលប្រឆាំងនាវាចំនួន៩គ្រាប់ និងយន្តហោះដ្រូនចំនួនពីរគ្រឿងក្នុងប្រទេសយេម៉ែន បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទីវាយប្រហារលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម និងឈូងសមុទ្រអាដែន។

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) និយាយថា មីស៊ីលចំនួន២គ្រាប់ដែលបាញ់ដោយពួកឧទ្ទាមហ៊ូទី ឆ្ពោះទៅសមុទ្រក្រហម និង២គ្រាប់ទៀតឆ្ពោះទៅឈូងសមុទ្រអាដែន មិនបានបង្កការខូចខាត ឬមនុស្សរងរបួសនោះទេ។ ទីបញ្ជាការកណ្តាលអាមេរិកបន្ថែមថា ជាការឆ្លើយតប ការវាយប្រហារលើយន្តហោះដ្រូន និងមីស៊ីលនៅប្រទេសយេម៉ែនត្រូវបានធ្វើឡើង ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងធ្វើឱ្យដែនទឹកអន្តរជាតិមានសុវត្ថិភាព ទាំងសម្រាប់កងទ័ពជើងទឹកអាមេរិក និងកប៉ាល់ពាណិជ្ជកម្ម។

ទីបញ្ជាការ CENTCOM ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីល្ងាចថ្ងៃព្រហស្បតិ៍ផងដែរថា ប្រតិបត្តិការវាយប្រហារនេះ បានកំណត់គោលដៅទីតាំងអាវុធរបស់ក្រុមហ៊ូទីនៅយេម៉ែន ព្រោះវាបានបង្ហាញពីការគំរាមកំហែង ដែលខិតជិតមកដល់ ចំពោះនាវាពាណិជ្ជករ និងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់។

យ៉ាងណាមិញ ទោះបីជាមានចំណាត់ការឆ្លើយតបពីសំណាក់សម្ព័ន្ធអាមេរិក-អង់គ្លេស និងកងនាវាចរផ្សេងទៀតក្តី ក្រុមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ចាប់តាំងពីខែវិច្ឆិកាមក បានបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលជាច្រើន ទៅលើការដឹកជញ្ជូននៅសមុទ្រក្រហម ច្រកសមុទ្រ Bab el-Mandeb និងឈូងសមុទ្រអាដែន ដើម្បីសម្តែងនូវសាមគ្គីភាពជាមួយប៉ាឡេស្ទីនជុំវិញសង្រ្គាមនៅហ្គាហ្សា។

កប៉ាល់ជាច្រើនគ្រឿងឥឡូវនេះ ត្រូវធ្វើដំណើរកាន់តែយូរ និងចំណាយថ្លៃជាងមុន តាមច្រកជុំវិញតំបន់អាហ្រ្វិកដើម្បីចៀសវាងការឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់ កាត់តាមឈូងសមុទ្រអាដែន និងសមុទ្រក្រហមទៅកាន់ព្រែកជីកស៊ុយអេ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner