កុមារស្លាប់ក្រោមអាយុ៥ឆ្នាំនៅទូទាំងពិភពលោក ធ្លាក់ចុះទាបបំផុតក្នុងឆ្នាំ២០២២

អ.ស.ប៖ អង្គការសហប្រជាជាតិបានឱ្យដឹងនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនាពេលថ្មីៗនេះថា ចំនួនកុមារស្លាប់មុនអាយុ ៥ឆ្នាំនៅទូទាំងពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតជាលើកដំបូងក្នុងឆ្នាំ២០២២ ក្នុងចំនួនតិចជាង ៥លាននាក់។

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ បានឱ្យដឹថា កុមារប្រហែល ៤.៩លាននាក់បានស្លាប់មុនអាយុ ៥ឆ្នាំរបស់ពួកគេក្នុងឆ្នាំ២០២២ តួលេខនេះ ថយចុះ ៥១ភាគរយ ចាប់តាំងពីឆ្នាំ២០០០ និងធ្លាក់ចុះ ៦២ភាគរយ បើធៀបនឹងឆ្នាំ១៩៩០។ យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វ សហការជាមួយអង្គការសុខភាពពិភពលោក (WHO) និងធនាគារពិភពលោក (WB) ក៏បានឱ្យដឹងដែរថា ការថយចុះអត្រាមរណៈភាពរបស់កុមារមុនអាយុ៥ឆ្នាំ កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានដូចជា ម៉ាឡាវី រវ៉ាន់ដា និងម៉ុងហ្គោលី ដែលធ្លាក់ចុះជាង ៧៥ភាគរយ ចាប់តាំងពីឆ្នាំ២០០០។

សរុបមក កុមារអាយុក្រោម ៥ឆ្នាំចំនួន ១៦២លាននាក់បានស្លាប់ ចាប់តាំងពីឆ្នាំ២០០០ ដែល ៧២លាននាក់បានស្លាប់ក្នុងខែដំបូងនៃជីវិតរបស់ពួកគេ ដោយសារផលវិបាកទាក់ទងនឹងការកើត ដែលជាមូលហេតុចម្បង។ របាយការណ៍ខាងលើនេះ បានចង្អុលបង្ហាញថា កុមារនៅចន្លោះអាយុពីមួយខែដល់៥ឆ្នាំ ការឆ្លងមេរោគតាមផ្លូវដង្ហើម ជំងឺគ្រុនចាញ់ និងជំងឺរាគ បានក្លាយជាឃាតករដ៏សំខាន់ បើទោះបីជំងឺទាំងអស់នេះអាចការពារបានក៏ដោយ។

ទន្ទឹមគ្នា អ្នកស្រាវជ្រាវក៏បានព្រមានដែរថា ដើម្បីអាចឈានដល់គោលដៅរបស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំមកត្រឹម ២៥នាក់ក្នុងចំនោម ១,០០០នាក់នៅឆ្នាំ២០៣០ខាងមុខ ប្រទេសចំនួន៥៩ ត្រូវការការវិនិយោគជាបន្ទាន់លើសុខភាពកុមារ។

ហើយបើគ្មានមូលនិធិគ្រប់គ្រាន់ទេនោះ ប្រទេសចំនួន៦៤ នឹងខកខានសម្រេចបាននូវគោលដៅកាត់បន្ថយអត្រាស្លាប់របស់កុមារក្នុងខែដំបូងនៅត្រឹម១២នាក់ ក្នុងចំនោម១,០០០នាក់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner