វិនិយោគប្រាក់អនឡាញវាយលុកបណ្តាញសង្គម ប្រជាជនខាតរាប់លានដុល្លារ

ភ្នំពេញ៖ ពលរដ្ឋខ្មែរជាច្រើនបានរងគ្រោះពីការវិនិយោគតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលកំពុងវាយលុកបណ្តាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុក និងតេឡេក្រាមជាដើម។

ក្រុមឧក្រិដ្ឋជនបានបង្កើតក្រុមតេលេក្រាមក្លែងក្លាយ ដោយបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ថ្នាក់ដឹកនាំ ស្ថាប័ននិងក្រុមហ៊ុនស្របច្បាប់នានា ដើម្បីទាក់ទាញការដាក់ប្រាក់វិនិយោគ ឬ ជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ។ ជនឧក្រិដ្ឋទាំងនោះ សន្យាផ្ដល់ អត្រាការប្រាក់ និងប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ដែល ស្ថាប័នជំនាញថា ពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

និយ័តករមូលបត្រកម្ពុជានិងអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ព្រមានពីអំពើឆបោកតាមអនឡាញនេះដែលកំពុងតែរីករាលដាលគួរឲ្យបារម្ភ។ ស្ថាប័នទាំងពីរ លើកឡើងថា ការដាក់ប្រាក់ក្នុងគម្រោងវិនិយោគខុសច្បាប់ទាំងនេះបានបណ្តាលឲ្យប្រជាពលរដ្ឋខាតបង់ថវិកា និងទ្រព្យសម្បត្តិជាច្រើន។

យ៉ាងណាក៏ដោយពុំទាន់មានទិន្នន័យផ្លូវការបង្ហាញពីចំនួនទឹកប្រាក់ដែលខាតបង់នោះឡើយតែអ្នកស្រាវជ្រាវសង្គមសន្និដ្ឋានថាអាចដល់រាប់រយលានដុល្លារ ។

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា ពលរដ្ឋខ្លះបាន ខ្ចីប្រាក់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកទៅវិនិយោគដោយរំពឹងថាទទួលបានការប្រាក់ ឬប្រាក់ចំណេញខ្ពស់។ លោកថា ប្រសិនបើមិនទប់ស្កាត់ ប្រជាជនមួយចំនួនអាចធ្លាក់ក្នុងបំណុលវ័ណ្ឌក
លោក ង៉ែត ជូ បញ្ជាក់ថា ៖ «ជាធម្មតាពលរដ្ឋដែលវិនិយោគដោយជឿជាក់លើការអូសទាញដោយសន្យាឱ្យចំណេញឬការប្រាក់ច្រើន លោកមិនសូវមានចំណេះដឹងទូលាំទូលាយទេ នៅពេលគាត់ខ្ចីប្រាក់យកទៅវិនិយោគហើយរំពឹងថាបានផលចំណេញច្រើន ដើម្បីកាត់កងបង់ការប្រាក់ទៅស្ថាបនទាំងនោះវិញ តែមិនបានដូចការរំពឹងទុកធ្វើឱ្យជួបវិបត្តិហិរញ្ញវត្ថុខ្លួនឯងប្រឈមនឹងបំណុលវ័ណ្ឌក»)។

និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងប្រមូលព័ត៌មាន និងឃ្លាំមើលការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រព្រឹត្តិបទល្មើសតាមគ្រប់រូបភាព។ ស្ថាប័នទាំងពីរក្រើនរំលឹកឲ្យប្រជាជនប្រុងប្រយ័ត្ន៕ អត្ថបទ៖ ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner