សិស្សបឋមសិក្សាចំនួន៣០នាក់ ប្រឡងប្រជែងអានអត្ថបទអបអរបុណ្យទន្លេ

សៀមរាប៖ សិស្សសាលាបឋមសិក្សាចំនួន៣០នាក់ បានចូលរួមប្រឡងប្រជែងអានអត្ថបទ និងស្មូតកំណាព្យក្នុងពិធីបុណ្យទន្លេលើកទី៨នៅខេត្ដសៀមរាប ក្រោមប្រធានបទ”ទន្លេដើម្បីសន្ដិភាព និងការអភិវឌ្ឍ” ។ ការប្រឡងប្រជែងនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤នេះ។

លោកស្រី ឈុយ វ៉ាន់ថា អនុប្រធានការិយាល័យបឋម នៃមន្ទីរអប់រំយុវជ និងកីឡាខេត្ដសៀមរាប មានប្រសាសន៍ថា ការប្រលងប្រជែងនៅក្នុងពិធីបុណ្យទន្លេចំនួនបីថ្ងៃនេះ មានសិស្សចំនួន៣០នាក់ មកពីតាមកសាលាកម្រងបឋមសិក្សាក្នុងក្រុងសៀមរាប ហើយក្នុងមួយថ្ងៃមានបេក្ខជនប្រឡងប្រជែងចំនួន១០នាក់ ។ក្នុងមួយថ្ងៃ ត្រូវបានជ្រើសរើសយកបេក្ខជនចំនួន៣នាក់ ក្នុងចំណោម១០នាក់ ពីលេខ១ដល់លេខ៣ ហើយទទួលបានការឧបត្ថម្ភថវិកាពី៥ម៉ឺរៀលដល់២ម៉ឺនរៀល ព្រមទាំងសម្ភារៈសិក្សាផងដែរ។ខ្លឹមសារនៃការអានអត្ថបទពាក់ព័ន្ធនឹងសក្ដានុពល និងអត្ថប្រយោជន៍នៃបឹងទន្លេសាប ដោយបេក្ខជនម្នាក់ៗ ត្រូវបានគណៈកម្មការវាយតម្លៃដាក់ពិន្ទុទៅលើឥរិយាបថ អក្ខរាវិរុទ្ធ ការលើកដាក់សំឡេង ស្របតាមក្បួនវេយ្យាករណ៍។
លោកស្រីបន្ដថា ការប្រឡងនេះ ការប្រឡងប្រជែងអត្ថបទនេះ ដើម្បីជំរុញឱ្យសិស្សានុសិស្សាចូលចិត្ដអានសៀវភៅ ព្រោះមួយរយៈនេះ សិស្សានុសិស្សមិនសូវអានសៀវភៅនោះទេ ខណៈដែលបច្ចុប្បន្នការអានរបស់សិស្សទៅលើតែប្រពន្ធឌីជីថល ។

សូមបញ្ជាក់ថា ការប្រឡងប្រជែងអានអត្ថបទ និងស្មូតកំណាព្យនេះ ធ្វើឡើងរយៈពេលបីថ្ងៃ មានបេក្ខជនចំនួន៣០នាក់ មកពីសាលាកម្រងបឋមសិក្សាវត្ដបូព៌ សាលាកម្រងបឋមសិក្សាវត្ដចក និងសាលាកម្រងបឋមសិក្សាមុខនាគ។
ជាមួយគ្នានេះដែរ ក្នុងរយៈពេលបីថ្ងៃក៏បានបើកទូលាយដល់អ្នកទេសចរជាតិ និងអន្ដរជាតិ ឱ្យចូលរួមអានអត្ថបទផងដែរ ដោយមានទាំងភាសាខ្មែរ និងភាសាបរទេស ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៧យប់ ។

ព្រឹត្ដិការណ៍បុណ្យទន្លេនឹងចូលរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្ដានុពលខេត្ដសៀមរាប និងខេត្ដនៅតាមបណ្ដាដងទន្លេប្រទេសកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ៕
អត្ថបទនិងរូបភាពៈស៊ាន សុផាត

ads banner