ប្រភពពីប៉ាឡេស្ទីន៖ ក្រុមហាម៉ាស់ និងក្រុមហ៊ូទី បើកកិច្ចប្រជុំដ៏កម្រ
ហ្គាហ្សា៖ ឥស្សរជនជាន់ខ្ពស់មកពីក្រុមហាម៉ាស់ និងពួកឧទ្ទាមហ៊ូទីរបស់យេម៉ែន បានជួបប្រជុំដ៏កម្រមួយ ដើម្បីពិភាក្សាអំពីការសម្របសម្រួលសកម្មភាពរបស់ពួកគេប្រឆាំងនឹងអ៊ីស្រាអែល នេះបើយោងតាមប្រភពរបស់ប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ។
យោងតាមប្រភពពីក្រុមហាម៉ាស់ និងក្រុមជីហាដអ៊ីស្លាមបានឱ្យដឹងថា មេដឹកនាំមកពីក្រុមអ៊ីស្លាមប៉ាឡេស្ទីនទាំងពីរ ក៏ដូចជារណសិរ្សម៉ាកស៊ីសនិយមសម្រាប់ការរំដោះទឹកដីប៉ាឡេស្ទីន បានរៀបចំកិច្ចប្រជុំដ៏សំខាន់ជាមួយតំណាងក្រុមហ៊ូទីកាលពីសប្តាហ៍មុន។
ប្រភពបានឱ្យដឹងទៀតថា ក្រុមទាំងនោះបានពិភាក្សាគ្នាអំពីយន្តការដើម្បីសំរបសំរួលសកម្មភាព នៃការតស៊ូរបស់ពួកគេសម្រាប់ដំណាក់កាលបន្ទាប់ នៃសង្រ្គាមនៅហ្គាហ្សា។ ទីតាំងរៀបចំកិច្ចប្រជុំនេះមិនត្រូវបានគេដឹងនោះទេ។ ប្រភពសុំមិនបញ្ចេញឈ្មោះបានបន្ថែមថា ក្រុមប៉ាឡេស្ទីន និងក្រុមហ៊ូទីក៏បានជជែកអំពីលទ្ធភាពដែលអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវគោកលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សាផងដែរ។
បើតាមអង្គការសហប្រជាជាតិ ប្រជាជនប្រហែល ១.៥លាននាក់កំពុងកកកុញទាំងនៅក្នុង និងជុំវិញទីក្រុងរ៉ាហ្វា ជាទីតាំងរឹងមាំចុងក្រោយរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ដែលពួកគេភាគច្រើនបានបង្ខំចិត្តភៀសខ្លួនមកកាន់ទីនេះ និងរស់នៅក្រោមស្ថានភាពដុនដាប។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា លោកទើបបានអនុម័តផែនការយោធា សម្រាប់ប្រតិបត្តិការនៅទីក្រុងរ៉ាហ្វា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


