ព្យុះកំបុតត្បូងដ៏កំណាចសម្លាប់មនុស្ស ៣នាក់នៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ក្រុមមន្ត្រី ក្នុងថ្ងៃសុក្រ និយាយថា ខ្យល់ព្យុះដ៏កំណាចមួយ បានវាយលុករដ្ឋស្ថិតនៅភាគកណ្តាលចំនួន៣របស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់។

ខ្យល់ព្យុះដ៏កំណាចនេះបានបក់បោកឆ្លងកាត់រដ្ឋ ដែលនៅជាប់គ្នា មានដូចជារដ្ឋ Kentucky, Indiana និង Ohio បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បាត់បង់ជីវិត និងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ សេវាឧតុនិយមជាតិ (NWS) និយាយថា មនុស្សជាង ១៣លាននាក់នៅភាគកណ្តាលសហរដ្ឋអាមេរិក បានស្ថិតក្រោមឃ្លាំមើលពីឥទ្ធិពលខ្យល់ព្យុះកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលព្យុះកំបុតត្បូងខិតជិតមកដល់។

សេវាឧតុនិយមជាតិ (NWS) បន្តថា ព្យុះនេះបានបោកបក់ពាសពេញជ្រលងភ្នំនៃរដ្ឋ Ohio ដែលបង្កើតបានជាព្យុះកំបុតត្បូងដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងរដ្ឋនេះ។ ខ្យល់ព្យុះកំបុតត្បូងនេះក៏បានធ្វើឱ្យលំនៅដ្ឋានជិត ៥,០០០ខ្នងដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង Delaware នៃរដ្ឋ Ohio។ អាជ្ញាធរបានរាយការណ៍កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស ៣៨នាក់បានរងរបួសនៅក្នុងទីក្រុង Randolph នៃរដ្ឋ Indiana និងទីក្រុង Delaware ក្នុងនោះមនុស្ស ៣នាក់រងរបួសធ្ងន់ធ្ងរ។

ហើយយ៉ាងហោចណាស់អគារចំនួន ២២កន្លែងត្រូវបានគេជឿជាក់ថា ត្រូវបំផ្លាញស្ទើរទាំងស្រុង។ ចំណែកនៅក្នុងរដ្ឋ Kentucky អភិបាលខេត្ត លោក Andy Beshear បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ព្យុះកំបុតត្បូងនេះបានធ្វើដំណើរឆ្លងកាត់ទីក្រុង Gallatin និងទីក្រុង Trimble ក្នុងរដ្ឋរបស់គាត់ ប៉ុន្តែមិនបានបណ្តាលឱ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ។

គួរបញ្ជាក់ថា ព្យុះកំបុតត្បូង គឺជាបាតុភូតអាកាសធាតុដ៏គួរឱ្យភ័យខ្លាច និងពិបាកព្យាករណ៍ដឹងមុន ហើយវាក្លាយជារឿងធម្មតានៅក្នុងសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេស។ ការកើតមានព្យុះកំបុតត្បូង ក៏មិនមែនជារឿងចម្លែកផងដែរនៅក្នុងខែមីនា ប៉ុន្តែកម្រិតកំពូលរបស់វាជាទូទៅនឹងកើនឡើងនៅក្នុងខែមេសា ឬខែឧសភា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner