ប្រទេស G7 គំរាមដាក់ទណ្ឌកម្មថ្មី បើអ៊ីរ៉ង់ហ៊ានបញ្ជូនមីស៊ីលផ្លោងឱ្យរុស្ស៊ី

វ៉ាស៊ីនតោន៖ ក្រុមប្រទេស G7 បានព្រមានកាលពីថ្ងៃសុក្រថា ពួកគេនឹងដាក់ទណ្ឌកម្មថ្មីដ៏ធ្ងន់ធ្ងរ ប្រសិនបើអ៊ីរ៉ង់ហ៊ានផ្ទេរមីស៊ីលផ្លោងទៅឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់វាយប្រហារប្រឆាំងនឹងអ៊ុយក្រែន។

ក្រុមប្រទេស G7 ក្នុងនោះរួមមានសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី និងកាណាដា បានចេញសេចក្តីថ្លែងការណ៍រួមមួយថា យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងចំពោះភាគីទីបី ឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្តល់ជំនួយយោធា ជួយដល់សង្រ្គាមឈ្លានពានដោយខុសច្បាប់ និងអយុត្តិធម៌របស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ឬត្រូវប្រឈមមុខនឹងការចំណាយដ៏ធ្ងន់ធ្ងរ។

ក្រុមប្រទេស G7 ក៏បានអះអាងផងដែរថា ប្រសិនបើអ៊ីរ៉ង់បន្តផ្តល់មីស៊ីលផ្លោង ឬផ្ទេរបច្ចេកវិទ្យាពាក់ព័ន្ធដល់រុស្ស៊ី ពួកយើងបានត្រៀមខ្លួនដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស និងក្នុងលក្ខណៈសម្របសម្រួល រួមទាំងវិធានការថ្មី និងធ្ងន់ធ្ងរប្រឆាំងអ៊ីរ៉ង់។ មន្រ្តីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិយាយថា ក្នុងចំនោមវិធានការទាំងនោះ រួមមានការបញ្ចប់ជើងហោះហើរពីក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Iran Air ទៅកាន់អឺរ៉ុប។

គួរបញ្ជាក់ថា ក្រុមប្រទេស G7 បានរិះគន់ការគាំទ្ររបស់ចិន និងអ៊ីរ៉ង់ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញនៅថ្ងៃខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ G7 ថែមទាំងបានអំពាវនាវឲ្យអ៊ីរ៉ង់ឈប់ជួយយោធារុស្ស៊ី និងបានសម្តែងការព្រួយបារម្ភលើការផ្ទេរគ្រឿងសព្វាវុធ និងឧបករណ៍យោធារបស់ក្រុមហ៊ុនចិនទៅឱ្យរុស្ស៊ីផងដែរ។ កងកម្លាំងអ៊ុយក្រែនបានរងការវាយប្រហារពីរុស្ស៊ី ដោយសារតែការខ្វះខាតគ្រាប់រំសេវ ខណៈដែលមូលនិធិបន្ថែមទំហំ ៦០ពាន់លានដុល្លារសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន នៅតែជាប់គាំងនៅក្នុងសភាអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner