សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅរដ្ឋមន្ត្រីការងារ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ស្វាគមន៍បងប្អូនពលករត្រឡប់មកពីប្រទេសថៃ ពេលចូលឆ្នាំខ្មែរ
(សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យគោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងការងារ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ស្វាគមន៍បងប្អូនពលករត្រឡប់មកពីប្រទេសថៃ ពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីមានភាពកក់ក្តៅ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេ លើកទី៨ ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ ហើយម្សិលមិញ ខ្ញុំបានឱ្យគោលការណ៍ទៅឯកឧត្តម ហេង សួរ ធ្វើការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបណ្តាខេត្តជាប់ព្រំដែន ពេលចូលឆ្នាំបងប្អូនពលករយើងហ្នឹងត្រឡប់មកវិញ ពីប្រទេសថៃ ស្វាគមន៍តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីមានភាពកក់ក្តៅ ។
បន្ថែមពីនេះ សម្តេចធិបតី បានបញ្ជាក់ថា សម្តេចបានចរចាជាមួយនាយករដ្ឋមន្ត្រីរបស់ថៃ កាលកំឡុងសម្តេចអញ្ជើញទៅបំពេញបេសកកម្មនៅប្រទេសថៃ ដោយភាគីថៃ បានឯកភាពមិនឱ្យពលករខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ។
ក្រៅពីការនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំរៀបចំភ្លេងឆៃយាំស្វាគមន៍អ្នកទេសចរនៅតាមព្រលានយន្តហោះ ស្វាគមន៍អ្នកទេសចរចូលមកលេងកម្សាន្តនៅកម្ពុជា។
សូមបញ្ជាក់ដែរថា តាមរយៈសេក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ សហការជាមួយបណ្តាខេត្តជាប់ព្រំដែន ដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកស្រុកកំណើតក៏ដូចជាភ្ញៀវទេសចរបរទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។
សម្តេចធិបតី បានបញ្ជាក់ថា ពិធីបដិសណ្ឋារកិច្ចក៏ត្រូវធ្វើតាមព្រលានយន្តហោះផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។
សូមជម្រាបថា យោងតាមប្រតិទិនឈប់សម្រាកចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាន៤ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ






