រាជរដ្ឋាភិបាល បន្តគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្ស និងអភិវឌ្ឍសម្បត្តិធនធានដ៏មានតម្លៃរបស់កម្ពុជា
(សៀមរាប)៖ រាជរដ្ឋាភិបាល បន្តគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្ស និងអភិវឌ្ឍសម្បត្តិធនធានដ៏មានតម្លៃរបស់កម្ពុជា ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេ លើកទី៨ ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន និងឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងជួយជំរុញ ឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន ។ ជាមួយនឹងវិធានការទាំងនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាកាលានុវត្តភាពថ្មីមួយ ដែលកំពុងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍កម្ពុជាទាំងមូល និយាយជារួម ។
សម្ដេចធិបតី បានបន្តថា ទន្ទឹមនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដើម្បីជំរុញការអភិវឌ្ឍតំបន់រុនតាឯក ឱ្យក្លាយទៅជាក្រុងមួយដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ព្រោះការរៀបចំ ផ្លាស់ទីប្រជាពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌ របស់អង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរឱ្យបន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ។
ជាមួយគ្នានេះផងដែរ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់ រាល់ការអភិវឌ្ឍទាំងឡាយ ដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្ស និងអភិវឌ្ឍសម្បត្តិធនធានដ៏មានតម្លៃរបស់កម្ពុជា តាមរយៈការដាក់ចេញនូវបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្ស ព្រមទាំងបង្កើនកិច្ចសហការពីភាគីពាក់ព័ន្ធ ក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ដែលការណ៍នេះ ជាយន្តការចាំបាច់សម្រាប់ធានាការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងចូលរួមដល់ការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ សំដៅឆ្ពោះទៅរក ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍបៃតងនៅតំបន់តាមដងទន្លេ ។
សម្តេចតីបតី ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា នឹងបន្តទទួលបាននូវការរីកចម្រើបន្ថែមទៀត ពីសក្តានុពលនៃធនធានទាំងឡាយដែលមាន រាប់ទាំងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ។
សម្ដេចបន្ថែមថា ដោយសារកត្តាសន្តិភាព និងការអភិវឌ្ឍ ដែលកើតចេញពីការអនុវត្តដោយជោគជ័យ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាកត្តាអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ដូចដែលបានឆ្លុះបញ្ចាំង តាមរយៈប្រធានបទ នៃពិធីបុណ្យទន្លេលើកទី ៨ នេះ ។ ក្នុងន័យនេះ ការអភិវឌ្ឍតំបន់តាមដងទន្លេ មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគតកាល ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ស្របពេលដែលពិភពលោកទាំងមូលបាន និង កំពុងប្រឈមនឹងការវិវត្តថ្មីៗ ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលស្តែងឡើង តាមរយៈការប្រែប្រួលជាសកលជាច្រើន ដូចជា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកលលោក បញ្ហាគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ ជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ការយកចិត្តទុកដាក់លើទស្សនាទាននៃភាពស្អាត និងបៃតង គឺពិតជាមានភាពចាំបាច់ ខណៈពេលដែលពិភពលោកទាំងមូល កំពុងបោះជំហានទៅមុខដើម្បីសម្រេច បានសេដ្ឋកិច្ចបៃតង ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

















