ក្រុមហ៊ុន Meta រងការចោទប្រកាន់ពីបទជួយចែកចាយថ្នាំញៀនខុសច្បាប់

វ៉ាស៊ីនតោន៖ កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អាជ្ញាធរអាមេរិកបាននឹងកំពុងបើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ជុំវិញតួនាទីរបស់ខ្លួន ក្នុងការចែកចាយថ្នាំញៀនខុសច្បាប់។

ដោយផ្អែកតាមប្រភពដកស្រង់ពីឯកសារ និងសាក្សីដឹងលឺ សារព័ត៌មាន American business daily បានចេញផ្សាយថា រដ្ឋអាជ្ញានៅរដ្ឋ Virginia ភាគខាងត្បូងនៃសហរដ្ឋអាមេរិកកំពុងពិនិត្យមើល ថាតើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុន Meta កំពុងជួយសម្របសម្រួល និងទទួលបានប្រាក់ចំណេញ ពីការលក់ថ្នាំញៀនខុសច្បាប់ដែរឬទេ។

ព្រះរាជអាជ្ញាបានស្នើសុំកំណត់ត្រាស្តីពី “ខ្លឹមសារថ្នាំញៀនដែលបំពានលើវេទិការបស់ Meta ឬការលក់ថ្នាំញៀនខុសច្បាប់ តាមរយៈវេទិការបស់ក្រុមហ៊ុន Meta នេះបើយោងតាមច្បាប់ចម្លងនៃដីកា ដែលត្រូវបានពិនិត្យដោយកាសែត The Wall Street Journal។ កាសែតអាមេរិកនេះបានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក៏កំពុងជួយក្នុងដំណើរការស៊ើបអង្កេតនេះផងដែរ។

ទោះបីជាយ៉ាងណា ក្រុមហ៊ុន Meta បានប្រាប់សារព័ត៌មានក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់ថ្នាំញៀនខុសច្បាប់ គឺផ្ទុយពីគោលការណ៍របស់យើង ហើយយើងនឹងធ្វើការ ដើម្បីស្វែងរក និងលុបខ្លឹមសារនេះចេញពីសេវាកម្មរបស់យើង។ ក្រុមហ៊ុន Meta បន្ថែមថា ខ្លួននឹងសហការយ៉ាងសកម្មជាមួយអាជ្ញាធរអនុវត្តច្បាប់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការលក់ថ្នាំញៀនខុសច្បាប់។

កាលពីថ្ងៃសុក្រ លោក Nick Clegg ប្រធានកិច្ចការសកលនៅក្រុមហ៊ុន Meta និយាយថា ក្រុមហ៊ុនខ្លួនបានចូលរួមកិច្ចខិតខំប្រឹងប្រែងមួយ ជាមួយក្រសួងការបរទេសអាមេរិក អង្គការសហប្រជាជាតិ និង Snapchat ដើម្បីជួយរំខានដល់ការលក់ថ្នាំញៀនតាមអ៊ីនធើណិត និងអប់រំអ្នកប្រើប្រាស់អំពីហានិភ័យ។

លោក Clegg បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា មនុស្សជាង ៧០០,០០០នាក់បានស្លាប់ ដោយសារការប្រើប្រាស់ថ្នាំញៀនហួសកម្រិតនៅចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០២២ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner