ថ្ងៃទី៤ នៃយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ សមត្ថកិច្ចចម្រុះបន្តឃាត់ខ្លួនមនុស្ស ៤នាក់ និងឃ្លុំដីជាង ១ពាន់ហិកតា

(ខេត្តពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចចម្រុះបានបន្តចុះបង្ក្រាបបទល្មើស កាប់រុករាន ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ដែលនៅថ្ងៃទី៤ នៃយុទ្ធនាការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនមនុស្ស ៤នាក់ (ស្រី២នាក់) និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១នាក់ នៅពន្ធនាគារខេត្តពោធិ៍សាត់ តាមដីកាបង្គាប់ឱ្យឃុំខ្លួន ១ករណី និងបានឃ្លុំដីរដ្ឋ ដែលទន្រ្ទានដោយជនល្មើសបន្តទៀត បានជាង ១,០០៩ហិកតា ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សមត្ថកិច្ចចម្រុះ ក៏បានប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ បានដកហូតវត្ថុតាអមួយចំនួន រួមមានម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង, ម៉ូតូ ១គ្រឿង រោងប្រក់ស័ង្កសី៧ម៉ែត្រ គុណ ៨ម៉ែត្រ ៦ខ្នង ខ្ទមប្រក់តង់ ៣ម៉ែត្រ គុណ ៤ម៉ែត្រ ១១ខ្ទម, ដំឡូងមី ១,០៤៥បាច់ រោងប្រក់ស្លឹក ១៣ខ្នង, មើមដំឡូងមី ៥០ការ៉ុង, ដើមចេក ១៧១គុម្ព, ដើមដូង ៨ដើម, ដើមខ្នុរ ៤ដើម។ សមត្ថកិច្ចចម្រុះ ក៏បានរុះរើរោងប្រក់សង្ក័សី ៣ម៉ែត្រ គុណ៤ម៉ែត្រ ៤ខ្នង, រោងប្រក់តង់កៅស៊ូ ២ម៉ែត្រ គុណ ៣ម៉ែត្រ ៧ខ្នង និងបង្គោលរបង ៥០ដើម។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ ។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំក្រសួង និងមន្ទីរបរិស្ថានរាជធានីខេត្ត ទូទាំងប្រទេស យកចិត្តទុកដាក់ពង្រឹងយុទ្ធសាស្រ្តបៃតង ដោយអន្តរាគមន៍ទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងត្រូវរៀបចំផែនការស្តារព្រៃឈើ នៅតាមគម្រោងវិនិយោគ និងនៅលើដីដែលដកហូត បានពីបទល្មើសនៃការកាប់ រុករាន ទន្ទ្រានដីព្រៃ យកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ នៅពេលខាងមុខ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖

១៖ ការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស

២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ

៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តកន្លងមក

និង៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner