គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ត្រូវបានបំពាក់ និងប្រគល់ជូន កងឯកភាព និងបុគ្គលដែលបានចូលរួមប្រតិបត្តិការជួយសង្រ្គោះ ប្រជាពលរដ្ឋក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ
ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨កក្កដានេះ ក្រោមអធិបតីភាព អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០។ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ ក្នុងក្រុងព្រះសីហនុ ដែលបណ្តាលឲ្យស្លាប់មនស្សចំនួន ២៨នាក់ និងរងរបួសចំនួន ២៦នាក់ ហើយប្រតិបត្តិការការរុករក និងសង្រ្គោះជនរងគ្រោះមានរយៈពេល២យប់៣ថ្ងៃ។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់យោធិនដែលបានប្រតិបត្តិការជួយក្នុងការរលំបាក់អគារ៧ជាន់ ហើយក៏បានកោតសរសើរនូវទឹកចិត្តយោធិនគ្រប់ថ្នាក់បានសហការគ្នាទាំងខាងសង្រ្គោះបន្ទាន់៧១១របស់កងពលតូចលេខ៧០ និងតាមបណ្តាអង្គភាពទាំងអស់ដែលយកចិត្តទុកដាក់ព្យាយាមរុករក និងសង្រ្គោះប្រជាពលរដ្ឋដែលបានជាប់នៅក្នុងគំនរអគារបាក់រលំទាំងកម្លាំងទាំងកាយទាំងកម្លាំងចិត្ត និងសូមចូលរួមរំលែកទុក្ខ សោកស្តាយ។
នាយឧត្តមសេនីយ៍បានសូមអរគុណដល់អង្គការJPR ដែលបានជួយឧបត្តមនូវសម្ភារៈជាច្រើន និងបានផ្តល់ឱកាសយោធិនខាងសង្រ្គោះបន្ទាន់៧១១នៃកងពលតូចលេខ៧០ បានទៅហ្វឹកហ្វឺនជំនាញបច្ចេកទេសផ្នែកសង្រ្គោះ និងពន្លត់អគ្គីភ័យដោយផ្ទាល់ក្នុងប្រទេសជប៉ុន ហើយក៏បានបញ្ជូនគ្រូដែលមានជំនាញមកបង្រៀនបន្ថែមទៀតនៅក្នុងកងពលជាបន្តបន្ទាប់។ នាយឧត្តមសេនីយ៍ និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានធ្វើការគោរពវិញ្ញាណក្ខន្ធជូនដល់ប្រជាជានចំនួន ២៨នាក់ ដែលបានបាត់បង់ជីវិតក្នុងការបាក់ស្រុតអគារ៧ជាន់នោះផងដែរ។
សូមជម្រាបថា កងសង្រ្គោះបន្ទាន់ និងកងពន្លត់អគ្គីភ័យ៧១១ ត្រូវបានង្កើតឡើងក្នុងខែមីនាឆ្នាំ២០០៩ ក្រោមកិច្ចសហការរវាងកងពល និងអង្គការសង្រ្គោះផ្នែកវេជ្ជសាស្រ្តជប៉ុន ដែហៅកាត់ថា JPR នៃទីក្រុងកូបេ ប្រទេសជប៉ុន ក្នុងគលបំណងពង្រឹងសមត្ថភាពសង្រ្គោះគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គីភ័យ គ្រោះរញ្ជួញដី ការធ្លាក់យន្តហោះ ភ្លើងឆេះផ្ទះឬឃ្លាំង និងការបាក់ស្រុតអគារជាដើម។
ក្រុមសង្រ្គោះបានជួយសម្រួលទុក្ខលំបាក និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គីភ័យ និងគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៣ លេខ៤ និងបណ្តាខណ្ឌភាគខាងលិច រាជធានីភ្នំពេញ ដោយបានបញ្ចូលអ្នករបួលទៅកាន់មន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានីភ្នំពេញ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាយអង្គភាពពាក់ព័ន្ធនានា ជាពិសេសកម្លាំងនគរបាលជាតិ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសង្រ្គោះសាធារណៈ និងបង្ខិតសេវានេះឲ្យបានកាន់ខិតជាប់ជាមួយប្រជាជន៕ធ.ដ