ប្រមុខការទូតកម្ពុជា៖ ទោះបីជាមានការប្រែប្រួលនៃសភាពការណ៍ពិភពលោកមិនប្រាកដប្រជា ក៏ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបន្តរក្សាភាពរីកចម្រើននៅលើគន្លងការអភិវឌ្ឍជាក់ស្តែង

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា ទោះបីជាមានការប្រែប្រួលនៃសភាពការណ៍ពិភពលោកមិនប្រាកដប្រជា អស្ថិរភាព និងភាពស្មុគស្មាញ យ៉ាងណាក្តី ក៏ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបន្តរក្សាភាពរីកចម្រើននៅលើគន្លងការអភិវឌ្ឍជាក់ស្តែង។ នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលរបស់យើងបានអនុម័ត “សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ”។

នៅក្នុងការឯកភាពគ្នាជំរុញខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ប្រមុខដឹកនាំទាំងអស់បានគូសបញ្ជាក់ពីតម្រូវការនៅក្នុងការចាប់យកឱកាសក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឧស្សាហកម្ម។ ថ្នាក់ដឹកនាំក៏បានឯកភាពសហការគ្នាក្នុងវិស័យថាមពលថ្មីៗ ដូចជារថយន្តអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងសំឡឹងមើលវេទិកាព័ត៌មានមេគង្គ-ឡានឆាងគ្រប់ជ្រុងជ្រោយសម្រាប់សេដ្ឋកិច្ចកសិកម្ម វិនិយោគ និងបច្ចេកវិទ្យា។

នេះបើយោងតាមសារលិខិតអបអរសាទររបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានសេចក្តីសោមនស្សរីករាយសូមជូនពរយ៉ាងកក់ក្ដៅចំពោះប្រជាជននៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ពីថ្ងៃទី១៨ ដល់២៤ ខែមីនា ឆ្នាំ២០២៤។ ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា ឆ្នាំ២០១៦ បានឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នារួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងប្រាំមួយ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ និងពិភពលោក។ រយៈពេលប្រាំបីឆ្នាំកន្លងមកនេះ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដ៏មានប្រសិទ្ធភាព ផ្តល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា។ យន្តការនេះ ក៏បានជំរុញកំណើនថ្មីសម្រាប់រយៈពេលវែង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់តំបន់ ជាពិសេសតាមរយៈការអនុវត្តប្រកបដោយជោគជ័យនៃផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) ដែលបានផ្តល់លទ្ធផលជាផ្លែផ្កាសម្រាប់សុខុមាលភាពរបស់ប្រជាជនយើង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ថ្នាក់ដឹកនាំក៏បានអនុម័ត “ផែនការសកម្មភាពប្រាំឆ្នាំថ្មី (២០២៣-២០២៧)” ដែលរួមមានការស្វែងរកគំរូថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍។ ក្នុងនាមជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យយុវជនចូលរួមនៅក្នុងគំរូថ្មីនៃការធ្វើដំណើរតាមរយៈវេទិកាផ្សេងៗ ប្រទេសកម្ពុជាកំពុងបើកដំណើរការគេហទំព័រឯកអគ្គរដ្ឋទូតទេសចរណ៍មេគង្គ-ឡានឆាង ដែលនេះគឺជាការទទួលស្គាល់សមត្ថភាពរបស់យុវជនក្នុងការសម្របខ្លួនទៅនឹងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលយ៉ាងងាយស្រួល។ ឯកសារទី៣ ដែលបានអនុម័តគឺ “គំនិតផ្តួចផ្តើមរួមគ្នាលើការអភិវឌ្ឍច្រករបៀងនវានុវត្តន៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង” ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ វិស័យផ្សេងទៀតដែលគ្របដណ្តប់រាប់ពីការកាត់បន្ថយភាពក្រីក្រការអភិវឌ្ឍឧស្សាហកម្ម និងសុខភាពសាធារណៈ រហូតដល់បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាបៃតង និងភាពជាសហគ្រិន រួមទាំងបរិយាកាសសម្រាប់ការចាប់ផ្តើមអាជីវកម្ម។ នៅកម្ពុជា ស្ថាប័នទទួលបន្ទុកការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៅទូទាំងតំបន់មេគង្គ-ឡានឆាង គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបន្តទៀតថា មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅតែជាឧបករណ៍ហិរញ្ញប្បទានដ៏សំខាន់សម្រាប់ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការថ្មី លើវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូនផ្លូវអាកាស សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្ដល់ការគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការជំរុញក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តបម្រើជាមធ្យោបាយវិជ្ជមានជាមួយនឹងយន្តការអនុតំបន់មេគង្គដទៃទៀត ក្នុងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជាមួយ “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” ក៏ដូចជា “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)” “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI)” “គំនិតផ្តួចផ្តើមផ្នែកសន្តិសុខសកល (GSI)” “គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI)” និង ”គំនិតផ្តួចផ្តើមអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” របស់ចិន។

យន្តការទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់បន្ថែមទៀតនូវកំណើនប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយជំរុញឆ្ពោះទៅមុខនូវសមាហរណកម្មអនុតំបន់ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ រដ្ឋមន្ត្រីការបរទេសកម្ពុជា មានជំនឿយ៉ាងមុតមាំថាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តគាំទ្រដល់សហគមន៍នៃអនាគតរួមគ្នា នាំមកនូវវិបុលភាពសម្រាប់ប្រជាជនគ្រប់រូប ដែលជាការអភិវឌ្ឍដ៏ជោគជ័យសម្រាប់តំបន់មេគង្គ-ឡានឆាង៕
ដោយ៖ពលជ័យ

ads banner