ប្រជាជននៅភ្នំពេញជំពាក់បំណុលថ្លៃសំរាមជាង ៤០លានដុល្លារ
ភ្នំពេញ:ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានទម្លាយឲ្យដឹងថា ប្រជាជនមួយចំនួននៅរាជធានីភ្នំពេញ កំពុងជំពាក់បំណុលថ្លៃសំរាមសរុបជាង៤០លានដុល្លារអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសម្ពោធផ្លូវវការបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំនៅថ្ងៃនេះ ឯកឧត្តម ឃួងស្រេង ឳ្យដឹងថា ការជំពាក់របស់ប្រជាពលរដ្ឋនេះគឺភាគច្រើនកើតឡើងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយក្នុងនេះមានក្រុមហ៊ុនមួយចំនួនបានធ្វើចំណាកស្រុកវិលត្រឡប់ទៅប្រទេសរបស់គេវិញ ហើយផ្ទះជួលមួយចំនួនបានបិទទ្វារ។ ឯកឧត្តមថា សាលារាជធានីភ្នំពេញកំពុងពិចារណា វាយតម្លៃ និងរកវិធានការបន្ទាប់ចំពោះបញ្ហាបំណុលសំរាមនេះ។

ការបង់ថ្លៃសំរាមគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលរាជធានី លើកឡើងថា ពុំមានប្រទេសណាដែលមិនតម្រូវឲ្យប្រជាជន ក្រុមហ៊ុន ឬអាជីវកម្ម បង់ថ្លៃសំរាមនោះទេ។ ក្នុងករណីមានបញ្ហា ដូចជាការក្ស័យធុន ក្រុមហ៊ុនត្រូវដាក់ពាក្យជាបន្ទាន់នៅទីចាត់ការសំណល់រឹងនៅសាលារាជធានីភ្នំពេញដើម្បីលុបបំណុលរបស់ពួកគេចេញ ដើម្បីកុំឱ្យការជំពាក់បំណុលកើនឡើងបន្តទៀត។

បច្ចុប្បន្ន មានក្រុមហ៊ុនឯកជនចំនួន៣កំពុងប្រមូលសំរាមនៅរាជធានីភ្នំពេញ។ សំរាមបានកើនឡើងជាបន្តបន្ទាប់ដោយរយៈពេលមួយថ្ងៃសំរាមមានជាងមួយម៉ឺនតោន ខណៈដែលមួយឆ្នាំមានចំនួនជាង ៤ លានតោន។
ឯកឧត្ដម ឃួង ស្រេង លើកឡើងថាមកដល់ពេលនេះមិនទាន់មានការពិន័យពលរដ្ឋតាមផ្ទះដែលចោលសំរាមឥតសណ្តាប់ធ្នាប់នៅឡើយទេ ប៉ុន្តែសំរាមសណ្ឋាគារ ភោជនីយដ្ឋានឬក្រុមហ៊ុន ត្រូវតែមានការពិន័យយ៉ាងតឹងរឹងបំផុត៕ ដោយ:ជិន ម៉ាដេប៉ូ
