អ្នកវិនិយោគសម្រុកចូលរំដោះអគារជាប់គាំងនៅព្រះសីហនុ

ភ្នំពេញ: មួយខែចុងក្រោយនេះ អ្នកវិនិយោគមកពីក្នុង និងក្រៅប្រទេស បានចូលចរចាស្នើយកសំណង់អគារដែលជាប់គាំងកណ្តាលទីរាប់ឆ្នាំមកហើយនោះនៅខេត្តព្រះសីហនុ យកអភិវឌ្ឍបន្ត ដើម្បីប្រែក្លាយទៅជាសណ្ឋាគារប្រណិត អគារស្នាក់នៅ និងអគារការិយាល័យទំនើប។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ទូរទស្សន៍អប្សរាថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានក្រុមហ៊ុនខ្មែរ និងបរទេស បានដាក់សំណើសាងសង់អគារ១៤ឡើងវិញ ។ក្នុងនោះ មានគម្រោងសណ្ឋាគារនៅសង្កាត់លេខ២ ខុនដូមួយចំនួននៅសង្កាត់លេខ ២ ៣ និង៤ ព្រមទាំងគម្រោង និងអគារការិយាល័យ នៅសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ។

ក្នុងចំណោមសំណើរទាំងនេះ មាន២គម្រោងទទួលបានការឯកភាពជាផ្លូវការ ,៥គម្រោង ឯកភាពជាគោលការណ៍ និង៧គម្រោងទៀតកំពុងស្ថិតក្នុងការពិចារណា។ ការព្រមព្រៀងឲ្យក្រុមហ៊ុនអភិវឌ្ឍបន្ត ត្រូវផ្អែកលើការពិនិត្យល្អិតល្អន់ទៅលើធនធានទាំងបច្ចេកទេស និងថវិកា និងនិរន្តរភាពរបស់ក្រុមហ៊ុនវិនិយោគ ដើម្បីបញ្ចៀសបញ្ហាដូចដែលធ្លាប់កើតមាន។ នេះបើយោងតាម លោក ឡុង ឌីម៉ង់។

លោកអភិបាលរងខេត្ត និយាយបន្តថា នេះជាសញ្ញាល្អសម្រាប់ខេត្តព្រះសីហនុ ហើយលោករំពឹងថា នឹងមានលំហូរវិនិយោគច្រើនទៀត ដើម្បីជួយសង្គ្រោះសំណង់មិនដំណើរការ។ នៅទូទាំងខេត្តព្រះសីហនុ មានអគារ ៣៦២ដែលជាប់គាំង និងអគារដែលសាងសង់រួចតែមិនដំណើរការចំនួន ១៧៦អគារ។

ដើម្បីស្វែងរកម្ចាស់ថ្មីឲ្យអគារទាំងនេះ រដ្ឋាភិបាលកាលពីពេលថ្មីៗនេះបានអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយផ្តល់ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល៣ឆ្នាំបន្ថែម ការលើកលែងអាករលើតម្លៃបន្ថែមតាមអាត្រា ០% ចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អអគារដែលជាប់គាំង និងការលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល៥ឆ្នាំជាដើម។

ក្រៅពីការរំដោះអគារ រដ្ឋាភិបាលមានបំណងប្រែក្លាយខេត្តជាប់ឈូងសមុទ្រថៃមួយនេះទៅជាទីតាំងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ជំរុញដោយកំពង់ផែទឹកជ្រៅដែលកំពុងអភិវឌ្ឍន៍៕ ដោយ:ឡុង គឹមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner