ឯកឧត្តម ឃួងស្រេង ៖ បំណុលសំរាមនៅរាជធានីភ្នំពេញនៅសល់ជាង ៤០លានដុល្លារ អាមេរិក ដែល ពលរដ្ឋមិនទាន់បានបង់
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថាចាប់តាំងតែមានការកំណែទម្រង់នៃការប្រមូលសំរាមដែលស្ថិតនៅអំឡុងឆ្នាំ២០១៩រហូតមកដល់ពេលនេះមានប្រជាពលរដ្ឋមិនទាន់បានបង់នៅឡើយចំនួនជាង៤០លានដុល្លារអាមេរិក។
គួរបញ្ជាក់ថាការថ្លែងឱ្យដឹងពីសំណាក់ ឯកឧត្តម ឃួងស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីសម្ពោធផ្លូវការបេសកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ២០២៣ដល់២០២៨នាសណ្ឋានគារ Hyatt Regencyរាជធានីភ្នំពេញនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៤។
ទាក់ទិនក្នុងរឿងនេះឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖អំឡុងពេលនោះដោយសារអំឡុងឆ្នាំ២០១៩មានការលូកដៃពីអ្នកនយោបាយធ្វើឱ្យកម្មករឈប់ប្រមូលសំរាមដោយក្នុងនោះការកកស្ទះសំរាមនៅរាជធានីភ្នំពេញគរដូចភ្នំ តែក្រោយមកដោយការដោះស្រាយការកកស្ទះសំរាមបានថយចុះមកត្រឹម៥០០តោនក្នុងមួយថ្ងៃ និង ដោយកម្មករមើលឃើញពីផលលំបាក និងមានការភ្ញាក់រលឹកក៏បានងាកមកចរចាហើយទីបំផុតពួកគាត់បានធ្វើការងារឡើងវិញ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងដោយបញ្ជាក់ដែរថា”សម្រាប់ការជំពាក់របស់ប្រជាពលរដ្ឋនេះគឺភាគច្រើនកើតឡើងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ដោយក្នុងនេះមានក្រុមហ៊ុនមួយចំនួនបានធ្វើចំណាកស្រុកវិលត្រឡប់ទៅប្រទេសរបស់គេវិញ ហើយផ្ទះជួលមួយចំនួនបានបិទទ្វារ”។
ទោះបីយ៉ាងណាទាក់ទិនក្នុងបំណុលដែលពលរដ្ឋខកខានមិនបានបង់ និងនៅជំពាក់ថវិការរបស់រដ្ឋនេះដែរសាលារាជធានីភ្នំពេញកំពុងពិចារណា និងការពិនិត្យជាក់ស្តែងដើម្បីវាយតម្លៃផងដែរ។
ដោយឡែកទាក់ទិនទៅនឹងបញ្ហាសំរាមដែលពលរដ្ឋជួបការលំបាក ឬត្រូវបានគេពិន័យដោយសារការខកខានមិនបានបង់ណាមួយវិញនោះត្រូវបានឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យទំនាក់ទំនងទៅសាលារាជធានីភ្នំពេញដែលមានទីចាត់ការសំណល់រឹងមួយបានកំពុងធ្វើកិច្ចការមួយនេះ។ជាមួយគ្នាឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋមើលពីការផ្សព្វផ្សាយរបស់ទីចាត់ការសំណល់រឹង។
ឯកឧត្តម ឃួងស្រេង បានថ្លែងដែរថាក្នុងពិភពលោកនេះគ្មានពលរដ្ឋរស់នៅទីក្រុងណាមួយមិនបានបង់ថ្លៃសំរាមនោះទេ ហើយប្រទេសគេមួយចំនួនក៏មានតម្លៃលើសពីនេះទៅទៀត។ជាមួយគ្នាដើម្បីទីក្រុងស្អាតយើងត្រូវតែចូលរួមបង់ថ្លៃសំរាមគ្រប់គ្នា។ការបង់ថ្លៃសំរាមគឺជាការតព្វកិច្ច ហើយបើយើងចង់បានទីក្រុងស្អាតក៏មិនអាចទៅរួចដែរបើយើងមិនបង់ថ្លៃសំរាមនោះ។បើពលរដ្ឋមិនបង់ថ្លៃសំរាមមានតែដឹកទៅកាន់ទីលានចាក់សំរាមខ្លួនឯង ហើយបើដឹកទៅខ្លួនឯងនឹងដឹងថាតើវាត្រូវចំណាយប្រាក់កាសច្រើនជាងក្រុមហ៊ុនឯកជនដឹកទៅទៀត។
ជាមួយគ្នានេះ ឯកឧត្តមអំពាវនាវឱ្យពលរដ្ឋត្រូវទៅបង់ថ្លៃសំរាមឱ្យបានទៀងទាត់ទៅតាមការកំណត់។បើករណីមានបញ្ហាជួបប្រទះដូចជាការក្ស័យទុនក្រុមហ៊ុនត្រូវដាក់ពាក្យជាបន្ទាន់នៅទីចាត់ការសំណល់រឹងនៅសាលារាជធានីភ្នំពេញដើម្បីយើងធ្វើការលុបបំណុលរបស់គាត់។យើងនឹងធ្វើកិច្ចការនេះដើម្បីកុំឱ្យមានការជំពាក់បំណុលកើនឡើងបន្តទៀត។
ជុំវិញបញ្ហាប្រមូលសំរាមនៅរាជធានីភ្នំពេញនេះដែរត្រូវបានឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថាបច្ចុប្បន្នមានក្រុមហ៊ុនឯកជនចំនួន៣កំពុងប្រមូលសំរាមនៅរាជធានីភ្នំពេញ។ដោយសារក្រុមហ៊ុនមានចំនួន៣នេះដែរធ្វើឱ្យការប្រមូលសំរាមបានទៀងទាត់និងទាន់ពេលវេលា។
ឯកឧត្ដម ឃួង ស្រេង លើកឡើងថាមកដល់ពេលនេះមិនទាន់មានការពិន័យអន្តរក្រសួងចំពោះពលរដ្ឋដែលចោលសំរាមតាមផ្ទះសម្បែងនៅឡើយទេ ប៉ុន្តែសម្រាប់សណ្ឋានគារ និងភោជនីយដ្ឋានផ្សេងៗ ដែលបោះសំរាមចោលក្នុងប្រឡាយទឹកត្រូវតែមានការពិន័យយ៉ាងតឹងរឹងបំផុតព្រោះមិនអាចអនុគ្រោះបានឡើយពីព្រោះគាត់ជាអ្នកផលិតសំរាមច្រើនជាងគេ។
គួរបញ្ជាក់ថានៅពេលបច្ចុប្បន្នសំរាមនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ដោយរយៈពេលមួយថ្ងៃសំរាមមានជាងមួយម៉ឺនតោន ខណៈដែលមួយឆ្នាំមានចំនួនជាង ៤ លានតោន៕អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖លោក រិន រចនា





