ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន៤ រួមដៃគ្នាប្តឹង Apple ជុំវិញ App Store
បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ចំនួន៤ កាលពីថ្ងៃពុធ បានរួមដៃគ្នាប្តឹងទៅតុលាការ ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ជុំវិញគោលការណ៍ App Store។
ក្រុមហ៊ុន Meta, Microsoft, X និងក្រុមហ៊ុនយក្ស Match Group បានណាត់ជួបតាមអ៊ិនធើណេត បានរិះគន់ក្រុមហ៊ុន Apple សម្រាប់ការគិតថ្លៃលើស លើការទិញកម្មវិធី តាម App Store។ ពួកគេបានដាក់ឯកសារប្តឹងដ៏កម្រមួយ ទៅកាន់តុលាការរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជុំវិញបញ្ហានេះ។
ពួកគេទាមទារឲ្យ Apple ត្រូវតែអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនេះ ភ្ជាប់ទៅជម្រើសទូទាត់ជំនួស នៅខាងក្រៅ App Store សម្រាប់អ្នកប្រើប្រាស់ iPhone ។
សេចក្តីសម្រេចប្តឹងរួមគ្នានេះ ស្រដៀងនឹងបណ្តឹង កាលពីឆ្នាំ២០២០ ដែលធ្លាប់ប្តឹងដោយក្រុមហ៊ុនហ្គេមវីដេអូ យក្ស ឈ្មោះថា Epic Games។ ពេលនោះ Epic Games បានតទល់ ប្រឆាំងនឹង Apple ក្នុងតុលាការ ទូទាំងពិភពលោក អស់រយៈពេលជាច្រើនឆ្នាំ ជុំវិញគោលនយោបាយ App Store ដ៏តឹងរឹងរបស់ Apple។
ថ្មីនេះ ក្រុមហ៊ុន Apple កាត់បន្ថយ ៣០ភាគរយលើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ នៅក្នុងApp Store របស់ខ្លួន ដែលក៏បានជំរុញឱ្យមានការត្អូញត្អែរអំពី «ពន្ធ» ដ៏អយុត្តិធម៌ លើក្រុមហ៊ុននានា ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



