កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រទេសឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ។ នេះបើតាមលទ្ធផលនៃជំនួបប្រជុំពិភាក្សាការងារទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ចំណែកសម្ដេចធិបតីបានបញ្ជាក់តបថា ទស្សនកិច្ចរបស់សម្ដេចនាពេលនេះ មានគោលដៅពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ និងយូរអង្វែង។

ក្នុងជំនួបសមភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក ។ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ជាដើម។

ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សមភាគីទាំងពីរបានពិភាក្សាគ្នាពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ការដាក់ឱ្យដំណើរការឡើងវិញនូវគណៈកម្មាធិការពាណិជ្ជកម្មចំរុះ JTC ដោយមានវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្ម ដូចជា សេវាហិរញ្ញវត្ថុ ការដឹកទំនិញផ្លូវគោក និងទេសចរណ៍ ដោយកម្ពុជា-ឡាវ នឹងជំរុញបង្កើនការហោះហើរត្រង់ កម្ពុជា-ឡាវ សំដៅរួមចំណែកដល់កំណើនទេសចរណ៍ និងការពង្រីកពាណិជ្ជកម្ម។ សមភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពី ការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរទស្សនកិច្ច រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀន ៕
ដោយ: វណ្ណលុក

