អ្នករងគ្រោះទារប្រាក់វិនិយោគពីក្រុមហ៊ុន CIC ស្ថាប័នច្បាប់រុញឲ្យប្តឹង

ភ្នំពេញៈជាថ្មីម្តងទៀតក្រុម អ្នក ដាក់ ប្រាក់ វិនិយោគជាមួយ ក្រុម ហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី ឬ CIC បានចេញមុខទារប្រាក់ដើមទុនរបស់ពួកគេមកវិញ បន្ទាប់ពីក្រុមហ៊ុននេះត្រូវគេចោទថា ពុំមានសកម្មភាពវិនិយោគ និងខកខានមិនបានបង់ការប្រាក់អស់ពេលជាច្រើនខែ។ នៅចំពោះមុខបញ្ហានេះ ស្ថាប័នច្បាប់របស់កម្ពុជា ជំរុញឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង ខណៈគណៈមេធាវីបានបង្កើតក្រុមមេធាវីត្រៀមជួយអ្នកខាតបង់។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ទូរទស្សន៍អប្សរា នៅថ្ងៃចន្ទនេះថា ជាគោលការណ៍ច្បាប់ ជនរងគ្រោះគួរដាក់ពាក្យបណ្តឹង និងសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការស៊ើបអង្កេត។
ទន្ទឹមនេះ ឯកឧត្តម ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និយាយថា ពលរដ្ឋរងគ្រោះគួរប្តឹងប្រឆាំងអំពើទាំងឡាយដែលនាំឱ្យខូចខាតដល់ផលប្រយោជន៍របស់ខ្លួន ដែលបង្កឡើងពីសំណាក់ក្រុមណាមួយ បុគ្គលណាមួយ ឬអង្គភាពណាមួយ ដោយភ្ជាប់មកជាមួយនូវភស្តុតាង ដើម្បីដាក់បន្ទុក។
ឯកឧត្តមលើកឡើងដូច្នេះថា «ពេលខ្លះការស៊ើបអង្កេតរបស់សមត្ថកិច្ចមិនអាចប្រកាសជាសាធារណៈថា ចាប់ផ្តើមស៊ើបអង្កេតរឿងណាមួយទេ ការស៊ើបអង្កេតជំនាញទាមទារការសម្ងាត់ ដើម្បីក្តាប់ឱ្យជុំនូវព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅធ្វើការវិនិច្ឆ័យ ឬសន្និដ្ឋានកំណត់អំពីបទល្មើល ឬអំពើណាមួយដើម្បីកសាងសំណុំរឿងជាហូរហែ»។
ដើម្បីជួយជនរងគ្រោះ គណៈមេធាវីកម្ពុជា នៅរសៀលថ្ងៃចន្ទនេះ បានប្រកាសបង្កើតក្រុមមេធាវី ផ្តល់ប្រឹក្សាផ្នែកច្បាប់ រៀបចំឯកសារភស្តុតាង និងធ្វើបណ្តឹងជួយការពារក្តី ដោយឥតគិតថ្លៃ។
គួរសម្គាល់ថា ក្រុមហ៊ុន CIC ត្រូវគេស្គាល់ថា ជាក្រុមហ៊ុនវិនិយោគបែបសហគមន៍ ពោលគឺ ការកៀរគរទុនតៗគ្នាតាមរយៈបណ្តាញ ដែលមានទាំងអ្នកសម្បូរទ្រព្យធន អ្នកមានជីវភាពបង្គួរ និងធម្យម សម្រាប់ការវិនិយោគលើវិស័យនានា។
យោងតាមឯកសារក្រុមហ៊ុនដែលមានប្រថាប់ត្រាការចុះបញ្ជីពន្ធដារ ក្រុមហ៊ុននេះ មានភាគទុនិកសំខាន់ៗចំនួន១៣នាក់ ដែលភាគច្រើនជាអ្នកជំនួញលេចធ្លោ។ ប៉ុន្តែ ពុំមានតួលេខផ្លូវការពីទុនវិនិយោគដែលប្រមូលបាន ឬដែលបានបាត់បង់នោះទេ។ ព័ត៌មានមិនផ្លូវការថា ទំហំនៃការបាត់បង់អាចស្ថិតក្នុងរវាង ៧០លាន ទៅ១០០លានដុល្លារអាមេរិក។
លោក គួច ម៉េងលី ស្ថាបនិក នៃ ក្រុម ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏ជាភាគទុនិកម្នាក់ ដែលលោកថា លោកបានរងគ្រោះខាតប្រាក់អស់៣០ម៉ឺនដុល្លារក្នុងការបោះទុនវិនិយោគ។ លោក បានស្នើសុំរកយុត្តិធម៌តាមបណ្តាញសង្គម។ តែនៅត្រឹមថ្ងៃចន្ទនេះ លោក មិនទាន់ប្រាប់ទូរស្សន៍អប្សរានៅឡើយថាបានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ហើយឬយ៉ាងណា។

លោក ឃីម សុខហេង ដែលជាភាគទុនិកម្នាក់ដែរ បានបដិសេធថា ក្រុមហ៊ុនមិនបានក្ស័យធនទេ។លោកឱ្យដឹងបែបនេះថា «ក្រុមហ៊ុនស៊ីអាយស៊ី ជាក្រុមហ៊ុនរបស់ខ្ញុំ គឺអត់ពិតទេ ព្រោះស៊ីអាយស៊ីជាក្រុមហ៊ុនរបស់សហគមន៍ មិនមែនកម្មសិទ្ធិរបស់បុគ្គលទេ ។អ៊ីចឹងសូមបងប្អូនកុំច្រឡំ ។ខ្ញុំឯណាសុខៗក្លាយជាម្ចាស់ក្រុមហ៊ុនរាប់លានដុល្លារ។ព័ត៌មានវាមានពិតឬមិនពិត ។រឿងពិតត្រង់ថា ស្ថានភាពវិបត្តិសេដ្ឋកិច្ច អ៊ីចឹង។ក្រុមហ៊ុនមួយចំនួនក៏តានតឹងដែរ ។ជាក់ស្តែងស៊ីអាយស៊ី បើនិយាយរឿងពិត គឺស្ថានភាពក្រុមហ៊ុនពេលនេះស្ទះលុយស្ទះកាក់ គឺជារឿងពិតមែន»។
ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិពីនិយ័តករមូលបត្រកម្ពុជា។

ឯកឧត្តម វិន ភក្តី អគ្គនាយករងនៃអគ្គនាយកដ្ឋាននិយ័តករមូលបត្រកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា និយ័តករមូលបត្រកម្ពុជា កំពុងយកចិត្តទុកដាក់ធ្វើការងារនេះ ដើម្បីផលប្រយោជន៍វិនិយោគិន ប៉ុន្តែលោកមិនទាន់អាចប្រាប់លម្អិតបានទេ ដោយហេតុថានេះជាបែបបទនិតិវិធីរបស់និយ័តករមូលបត្រកម្ពុជា៕
ដោយៈ ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner