បង្កើតវិថីទេសចរណ៍ និងផ្សាររាត្រីនៅភ្នំសំពៅ

ភ្នំពេញៈនាពេលឆាប់ៗនេះ ភ្នំសំពៅនៃខេត្តបាត់ដំបងនឹងមានវិថីទេសចរណ៍ និងផ្សាររាត្រី ដែលនឹងជំរុញលំហូរអ្នកដំណើរ និងលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារទូរទស្សន៍អប្សរាថា នេះជាផលិតផលទេសចរណ៍ថ្មីមួយដែលបង្កើតឡើងដោយផ្អែកលើសក្តានុពេលទេសចរណ៍របស់តំបន់ភ្នំសំពៅ។ លោកថាគំនិតផ្តួចផ្តើមនេះស្ថិតក្នុងផែនការអភិវឌ្ឍន៍ និងប្រែក្លាយ “តំបន់រមណីយដ្ឋានភ្នំសំពៅ” ឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិ ដែលទាញយកចំណាប់អារម្មណ៍ភ្ញៀវទេសចរពេលមកកម្សាន្តនៅខេត្តបាត់ដំបងគឺមិនអាចរំលងភ្នំសំពៅបាន។

ប៉ុន្តែ មន្ត្រីរូបនេះមិនទាន់អាចបញ្ជាក់បាននៅឡើយថា ការសាងសង់នឹងចាប់ផ្តើមនៅពេលណា និងត្រូវការពេលយូរប៉ុណ្ណាទើបវិថីទេសចរណ៍នេះនឹងលេចចេញជារូបរាង។
ភ្នំសំពៅស្ថិត នៅ លើ ផ្លូវជាតិលេខ៥៧ ក្នុង ឃុំភ្នំសំពៅស្រុកបាណន់ ចំងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង។ នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ ដូចជារឿងព្រះបាទរាជកុល នាងរំសាយសក់។ នៅក្បែរភ្នំនេះមានអាហារដ្ឋានបែរទៅរកល្អាងភ្នំ ដែលជាច្រកចេញរបស់ហ្វូងសត្វប្រចៀវរាប់សិបក្បាលដែលហើរប្រសេចប្រសាចជាទៀងទាត់ចន្លោះពីម៉ោង៥កន្លះទៅ៦កន្លះល្ងាច បង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីគយយគន់។

ក្រៅពីភ្នំសំពៅ ខេត្តបាត់ដំបងដ៏ចំណាស់មួយនេះ មានតំបន់ទេសចរណ៍ និងរមណីយដ្ឋានធម្មជាតិសរុបជាង១០០ កន្លែង និងមានអគារបេតិកភណ្ឌជំនាន់បុរាណជាង ៨០០កន្លែង ដែលទាក់ទាញភ្ញៀវទេសចរ៦២ ម៉ឺននាក់ ឲ្យទៅលេងកំសាន្តកាលពីឆ្នាំ២០២៣៕
 ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner