ជប៉ុនប្រកាសប្រមូលអាហារបំប៉នសុខភាព ក្រោយអ្នកប្រើ ២៦នាក់មានបញ្ហាតម្រងនោម
តូក្យូ៖ ក្រុមហ៊ុនផលិតឱសថដ៏ធំមួយរបស់ជប៉ុន នៅថ្ងៃចន្ទ បានឱ្យដឹងថា មនុស្ស ២៦នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ទាក់ទងនឹងការប្រើប្រាស់អាហារបំប៉នសុខភាព ដែលខ្លួនបានប្រកាសប្រមូលត្រឡប់មកវិញ ដោយសារព្រួយបារម្ភអំពីបញ្ហាតម្រងនោម។
ក្រុមហ៊ុនឱសថជប៉ុន Kobayashi Pharmaceutical និយាយថា មនុស្សមួយចំនួនបានកើតជំងឺ បន្ទាប់ពីប្រើប្រាស់ផលិតផលអាហារបំប៉នសុខភាពមួយរបស់ខ្លួន។ ក្រុមហ៊ុននេះបានប្រកាសប្រមូលមកវិញដោយស្ម័គ្រចិត្ត នូវផលិតផលទាំងអស់ដែលមានផ្ទុកសារធាតុ “Beni-koji” ឬហៅថា អង្ករដំបែក្រហម។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងអូសាកានេះនិយាយថា ខ្លួនបានទទួលរបាយការណ៍កាលពីខែមករាថា អ្នកដែលបានប្រើផលិតផលអាហារបំប៉នមានឈ្មោះថា “Beni-koji choleste-help” បានកើតមានជំងឺតម្រងនោម ឬជំងឺផ្សេងៗទៀត។ បុគ្គលិកក្រុមហ៊ុនបន្ថែមថា អ្នកប្រើប្រាស់ ១៣នាក់បានត្អូញត្អែរអំពីស្ថានភាពរាងកាយមិនល្អ ហើយ ៦នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយមានការលាងឈាមយ៉ាងហោចណាស់មួយដង។
ក្រុមហ៊ុនផលិតឱសថជប៉ុននេះ បានបញ្ជាក់ទៀតថា ខ្លួនកំពុងធ្វើការប្រមូលមកវិញដោយស្ម័គ្រចិត្ត រួមជាមួយនឹងផលិតផលចំនួនពីរមុខផ្សេងទៀតដែលមានផ្ទុកសារធាតុ “beni-koji” ផងដែរ។ ផលិតផលទាំងពីរនោះ រួមមាន “Natto-kinase sara-sara tsubu gold” និង “Naishi-help plus cholesterol”។
ទន្ទឹមគ្នា ក្រុមហ៊ុនក៏កំពុងអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅឈប់ប្រើប្រាស់អាហារបំប៉នសុខភាពទាំងនេះផងដែរ។ បុគ្គលិកក្រុមហ៊ុនបន្ថែមថា ពួកគេបានចាប់ផ្តើមលក់ផលិតផលអាហារបំប៉ន “Beni-koji choleste-help” ក្នុងឆ្នាំ២០២១ ជាមួយការរំពឹងទុកថា វានឹងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ឬសម្ពាធឈាម ខណៈដែលថ្នាំនេះ លក់ដាច់អស់ជាង ១លានកញ្ចប់ហើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា