ខ្វះកម្លាំង! អាឡឺម៉ង់សម្រេចឱ្យនិស្សិតបើករថភ្លើង និងឡានក្រុង
ប្រទេសអាឡឺម៉ង់កំពុងខ្វះខាតកម្លាំងពលកម្ម បើកបរឡានក្រុង រថភ្លើង រួមទាំង រថភ្លើងក្រោមដី ជាហេតុនាំឲ្យរដ្ឋាភិបាលបានសម្រេចចិត្តឲ្យនិស្សិតចូលមកបំពេញចន្លោះខ្វះខាតនេះ។
ប្រតិបត្តិករដឹកជញ្ជូនសាធារណៈបានព្រមានថា ពួកគេប្រហែលជាត្រូវកាត់បន្ថយចំនួនឡានក្រុង រថភ្លើង ឬរថភ្លើងក្រោមដី ដោយសារតែនឹងមានកង្វះខាតអ្នកបើកបរខ្លាំង ហើយព្រមានថា អាចនឹងខ្វះរហូតដល់រាប់ម៉ឺននាក់ នាប៉ុន្មានឆ្នាំខាងមុខ។ បញ្ហានេះក៏នាំឱ្យបុគ្គលិកដឹកជញ្ជូនសាធារណៈទូទាំងប្រទេស ធ្វើកូដកម្មទៀតផង កាលពីសប្តាហ៍មុន។ កង្វះខាតនេះបានធ្វើឲ្យអ្នកបើកបរបច្ចុប្បន្ន ធ្វើការលើស ធ្លាក់ខ្លួនឈឺ ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរ។
និស្សិតជាជម្រើសថ្មី ដោះស្រាយបញ្ហាជាប់គាំងនេះ។ និស្សិត Benedikt Hanne អាយុ២៤ ឆ្នាំ ត្រូវបានបង្ហាត់បង្រៀន ឲ្យកាន់ចង្កូតរថភ្លើង កាលពីថ្ងៃអាទិត្យ។ ប្រសិនបើអ្វីៗដំណើរការល្អ នោះ គេនឹងក្លាយទៅជាអ្នកបើកបររថភ្លើងក្នុងពេលឆាប់ៗនេះ ប៉ុន្តែ បើកបរតែក្នុងពេលល្ងាច ឬ ចុងសប្តាហ៍ ដែលមិនចំម៉ោងសិក្សា។
លោក Hanne បាននិយាយថា «វាជាអារម្មណ៍ដ៏អស្ចារ្យមួយ ដែលមានមនុស្សជិះនៅពីក្រោយ ជាច្រើននាក់»។ លោក Hanne និយាយទៀតថា លោកក៏មានបំណងបើកបររថភ្លើង ដឹកក្រុមគ្រួសារដើរលេង នៅពេលណាមួយផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


