ឡានអគ្គិសនីវៀតណាម ៦ពាន់គ្រឿងមានបញ្ហា ត្រូវប្រមូលមកវិញ

ប្រទេសវៀតណាមប្រកាសប្រមូលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast ជិត៦ពាន់គ្រឿង មកជួសជុលឡើងវិញ មួយរយៈក្រោយពេលបញ្ចេញលក់នៅលើទីផ្សា។

ក្រសួងសាធារណការវៀតណាមអះអាងថា រថយន្តទាំងនេះត្រូវបានរកឃើញមានបញ្ហានៅក្នុងប្រព័ន្ធបញ្ជា ឬ Indicator System។ ក្រសួងបានចេញផ្សាយសេចក្តីថ្លែងការណ៍ពីដំណឹងនេះតាំងពីថ្ងៃទី៥ ខែមីនា ប៉ុន្តែ ទើបត្រូវបានផ្សព្វផ្សាយ។

ក្រសួងបញ្ជាក់ទៀតថា រថយន្តសេរី VinFast VF5 Plus សរុបជិត៦ពាន់គ្រឿង ត្រូវប្រមូលមក ផ្លាស់ប្តូរ Combination Switch ឬ បញ្ហាកុងតាក់បញ្ជាភ្លើងចង្កៀងមុខដោយស្វ័យប្រវត្តិ។ ក្រសួងអះអាងថា បើមិនផ្លាស់ប្តូរទេ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងយានយន្តផ្សេងទៀត នៅលើដងផ្លូវ។ ក្រសួងបន្ថែមទៀតថា រថយន្តទាំងនេះ ផលិតនៅចន្លោះពីខែមីនា ដល់ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមហ៊ុន VinFast បានប្រកាសប្រមូលមកវិញ តែសម្រាប់រថយន្តដែលលក់ក្នុងស្រុក តែប៉ុណ្ណោះ ជាជំហានដំបូង ហើយសម្រាប់នៅក្រៅស្រុក រង់ចាំការសម្រេចពីរដ្ឋាភិបាលសិន។

វៀតណាមបានដាក់ក្តីសង្ឃឹមថា VinFast អាចប្រកួតប្រជែងជាមួយនឹងរថយន្តអគ្គិសនីធំៗ ដូចជា Tesla ជាដើម ហើយកំពុងព្យាយាមបំបែកទីផ្សារពិភពលោក។ ប៉ុន្តែ VinFast បានរាយការណ៍ពីការខាតបង់ចំនួន ២ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ បន្ទាប់ពីការលក់ មិនសម្រេចតាមផែនការ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner