មេដឹកនាំហាម៉ាស់ធ្វើដំណើរទៅកាន់អ៊ីរ៉ង់
តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍ថា មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh នៅថ្ងៃអង្គារនេះ បានស្ថិតនៅក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់ ពោលមួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់ បានចេញផ្សាយថា ប្រធានការិយាល័យក្រុមហាម៉ាស់ លោក Ismail Haniyeh ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារនេះ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ហើយគាត់បានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ផ្សេងទៀតផងដែរ។
នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ សម្រាប់មេដឹកនាំក្រុមហាម៉ាស់ ដែលបានធ្វើមកកាន់រដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីក្រុមប្រដាប់អាវុធ មានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឱ្យមនុស្សប្រមាណ ១,១៦០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល។
ជាការសងសឹកនឹងក្រុមហាម៉ាស់វិញនោះ អ៊ីស្រាអែលបានវាយប្រហារសម្លាប់មនុស្សប្រមាណ ៣២,០០០នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្រ្តី និងកុមារ។
ដំណើរទស្សនកិច្ចរបស់លោក Haniyeh កើតឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅក្នុថ្ងៃចន្ទនេះ បានអនុម័តលើដំណោះស្រាយមួយ ដោយអំពាវនាវឱ្យមាន “បទឈប់បាញ់ជាបន្ទាន់” សម្រាប់ខែបុណ្យរ៉ាម៉ាដន ដែលវានឹងនាំទៅរកបទឈប់បាញ់យូរអង្វែង។
ដំណោះស្រាយនេះដែរ ក៏បានទាមទារឱ្យក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត ដោះលែងចំណាប់ខ្មាំងដែលពួកគេបានចាប់ជំរិត ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ ក្រុមសកម្មប្រយុទ្ធបានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ ដែលអ៊ីស្រាអែលជឿថា ប្រហែល ១៣០នាក់នៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា រួមទាំង ៣៣នាក់ដែលត្រូវបានគេរំពឹងថា បានស្លាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


