កាណាដាជួលឧទ្ធម្ភាគចក្រជម្លៀសប្រជាជនខ្លួនចេញពីហៃទី
ព័រអូប្រុំាង៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly ក្នុងថ្ងៃអង្គារ៍ ថ្លែងថា ប្រទេសកាណាដាបានជួលឧទ្ធម្ភាគចក្រ ដើម្បីជម្លៀសប្រជាជនរបស់ខ្លួនមួយចំនួនតូចចេញពីប្រទេសហៃទី បន្ទាប់ពីទំនាក់ទំនងផ្លូវអាកាសពាណិជ្ជកម្មជាមួយទីក្រុងព័រអូប្រុំាង ត្រូវបានកាត់បន្ថយ ចំពេលមានភាពវឹកវរផ្នែកនយោបាយ។
ជនជាតិកាណាដាដែលងាយរងគ្រោះប្រហែល ៣០នាក់ ក្នុងចំណោមចំនួនសរុបប្រហែល ៣,០០០នាក់ បានស្នើសុំជំនួយដើម្បីចាកចេញពីប្រទេសហៃទី។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអូតាវ៉ា នៅព្រឹកថ្ងៃអង្គារនេះថា ប្រជាជនហៃទីកំពុងប្រឈមមុខនឹងវិបត្តិពហុភាគី មានដូចជាវិបត្តិសន្តិសុខ វិបត្តិមនុស្សធម៌ និងវិបត្តិនយោបាយ។
ក្រុមជនអន្ធពាលប្រដាប់អាវុធកំពុងបង្កការភ័យខ្លាចនៅតាមដងផ្លូវ។ ស្ត្រី និងកុមារមានការភ័យខ្លាចក្នុងការចាកចេញពីផ្ទះរបស់ពួកគេ ហើយអំពើពុករលួយកំពុងបន្តរីករាលដាល។ ប្រមុខការទូតកាណាដារូបនេះ បានគូសបញ្ជាក់ថា ឥឡូវនេះក្រុមបងធំបានគ្រប់គ្រងលើអាកាសយានដ្ឋាន និងបានបិទផ្លូវចាកចេញពីទីក្រុងព័រអូប្រុំាង ដូច្នេះក្នុងកាលៈទេសៈនេះ វាសំខាន់សម្រាប់យើង ដើម្បីអាចនាំជនជាតិកាណាដាទៅកាន់សុវត្ថិភាព។
គួរបញ្ជាក់ថា ដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹង នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry កាលពីពេលថ្មីៗនេះ បានប្រកាសលាលែងពីតំណែង ប៉ុន្តែមិនដូចការរំពឹងទុកនោះទេ អំពើហិង្សារបស់ក្រុមជនអន្ធពាលប្រដាប់អាវុធនៅតែបន្តកើតមាន។ ទន្ទឹមគ្នា បណ្តាប្រទេសជិតខាងរបស់ហៃទី កំពុងបង្កើនការរឹតបន្តឹងសន្តិសុខ ហើយខ្លះទៀតបានជម្លៀសបុគ្គលិកចេញពីស្ថានទូត ខណៈដែលផែនការបញ្ជូនកងកម្លាំងសន្តិសុខអន្តរជាតិឱ្យមកឈរជើង នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


