កូរ៉េខាងជើងទាត់ចោលបំណងចង់ចរចារបស់ជប៉ុន
សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន នៅថ្ងៃអង្គារ បានអះអាងថា ទីក្រុងព្យុងយ៉ាងនឹងបដិសេធរាល់ទំនាក់ទំនង ឬការចរចាទាំងអស់ជាមួយជប៉ុន មួយថ្ងៃបន្ទាប់ពីអ្នកនាងនិយាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានស្នើសុំឱ្យមានការរៀបចំកិច្ចប្រជុំកំពូល ជាមួយបងប្រុសរបស់អ្នកនាង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា អ្នកនាង គីម យ៉ូ ជុង ដែលជាអ្នកនាំពាក្យដ៏សំខាន់មួយរូបរបស់កូរ៉េខាងជើងនិយាយថា លោក គីស៊ីដា បានស្នើសុំឱ្យមានការរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំទីក្រុងព្យុងយ៉ាង ដោយបន្ថែមថា កិច្ចប្រជុំនេះទំនងជាមិនមានការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងតូក្យូនោះទេ។
អ្នកនាងបន្តថា រដ្ឋាភិបាលរបស់យើងបានយល់យ៉ាងច្បាស់ អំពីឥរិយាបថរបស់ជប៉ុនជាថ្មីម្តងទៀត ហើយសេចក្តីសម្រេចគឺថា ពួកយើងនឹងមិនអើពើ ក៏ដូចជានឹងបដិសេធ ចំពោះការទាក់ទង ឬការចរចានានាទាំងអស់ជាមួយភាគីជប៉ុន។ អ្នកនាងបានសង្កត់ធ្ងន់ទៀតថា កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងជប៉ុន មិនចាប់អារម្មណ៍ចំពោះយើងទេ។
ការអត្ថាធិប្បាយបែបនេះរបស់អ្នកនាង គីម កើតឡើងបន្ទាប់ពីលោក គីស៊ីដា ធ្លាប់បាននិយាយថា រូបលោកចង់ផ្លាស់ប្តូរទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងព្យុងយ៉ាង ហើយកាលពីឆ្នាំទៅមិញ បានបង្ហាញពីបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយពុំមានកំណត់លក្ខខណ្ឌអ្វីទាំងអស់ អំឡុងសុន្ទរកថាមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

