មនុស្សយន្តឆុងកាហ្វេតម្លៃ ៨ម៉ឺនដុល្លារ បង្ហាញខ្លួននៅកម្ពុជា
ភ្នំពេញៈមនុស្សយន្តឆុងកាហ្វេ ដែលមានតម្លៃប្រហែល៨ ម៉ឺនដុល្លាអាមេរិក បានបង្ហាញខ្លួនលើកដំបូងនៅកម្ពុជា។ បង្អួតរាងក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២៤ នៅរាជធានីភ្នំពេញកាលពីថ្ងៃចន្ទមមនុស្សយន្តដែលអាចឆុងកាហ្វេនេះ បានទាក់ទាញមនុស្សម្នាឲ្យចោមរោមមើល និងភ្លក់រសជាតិកាហ្វេចេញពីស្នាដៃមនុស្សយន្ត។
មនុស្សយន្តនេះត្រូវគ្រប់គ្រងដោយប្រព័ន្ធបញ្ជាបញ្ញាសិប្បនិម្មិត ឬ AI។ វាមានឈ្មោះថា Café Robot។ វាប្រើដៃយន្តមួយចំហៀងដែលមានសមត្ថភាពឆុងកាហ្វេមួយកែវ មិនដល់មួយនាទីផង។ នេះជាផលិតផលរបស់ក្រុមហ៊ុន STS Robotech របស់ប្រទេសកូរ៉េខាងត្បូង និងត្រូវបាននាំចូលដោយក្រុមហ៊ុន AI Farm ក្នុងគោលបំណងដាក់បង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយ ដែលពិភពលោកបានបង្កើតឡើង និងជំរុញឲ្យមានការរួមគ្នាសិក្សាស្រាវជ្រាវបន្ថែម។ នេះបើយោងតាមលោក ទេព សុវិជ្ជា ប្រធានក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យារ៉ូបូតនៃក្រុមហ៊ុន AI Farm។ AI Farm ជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា។
លោក បានបញ្ជាក់ថា៖«បច្ចុប្បន្ន មនុស្សយន្តឆុងកាហ្វេ ពេលតាំងបង្ហាញហើយ យើងយកទៅដាក់នៅក្រុមហ៊ុនយើងវិញ។ ប៉ុន្តែគ្រាន់តែថា មិនមែនបានន័យយើងដាក់ចោលទេ។ ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង គឺដោយសារប្រព័ន្ធនេះ គឺរបស់កូរ៉េ ដែលដំណើរការខាងក្នុង។ អ៊ីចឹងមានន័យថា គឺនៅពេលយើងយកទៅក្រុមហ៊ុនហើយ យើងនឹងអភិវឌ្ឍបន្ត យើងកែប្រែមុខងារនានាឱ្យទៅជាភាសារខ្មែរវិញ យើងនឹងបញ្ចូលប្រព័ន្ធទូទាត់ជា QR ។ វិធីសាស្ត្រក្នុងការឆុងកាហ្វេក៏កែប្រែឱ្យតាមបរិបទប្រទេសកម្ពុជាដែរ»។
ហាក់ដូចជាថ្មីសម្រាប់កម្ពុជា ប៉ុន្តែមនុស្សយន្តឆុងកាហ្វ ត្រូវបានបង្កើតឡើងយូរឆ្នាំហើយដែរ។ កាលពីឆ្នាំ២០២១ មនុស្សយន្តឆុងកាហ្វេប្រភេទ 5G ដែលអាចឆុងកាហ្វេក្តៅៗបានបង្ហាញខ្លួនក្នុងកម្មវិធីអន្តរជាតិលើកដំបូងនៅទីក្រុងសៀងហៃប្រទេសចិន។
រំលងបានមួយឆ្នាំ ហាង កាហ្វេ Amazon នៅ ប្រទេស ថៃ បាន ដាក់ ឲ្យ ដំណើការ មនុស្ស យន្ត សម្រាប់ឆុង កាហ្វេ ជូន ភ្ញៀវ។ សម្រាប់កម្ពុជាវិញ លោក ទេព សុវិជ្ជា រំពឹងថា មនុស្សយន្តប្រភេទនេះ ក៏នឹងអាចចរាចរនៅតាមតំបន់ ដែលមានសកម្មភាពមមាញឹកដូចជា ព្រលានយន្តហោះ សណ្ឋាគារ និងផ្សារទំនើបជាដើម។ វាអាចជំនួសកម្លាំងពលកម្មដោយអាចដំណើរការបាន ២៤ម៉ោងក្នុងមួយថ្ងៃ៕
ដោយៈឡុង គីមម៉ារីតា
