សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិបូអាវ ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅ ដល់ទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមវេទិកាបូអាវប្រចាំឆ្នាំ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ សម្រាប់អាស៊ី។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការ ចុះចត នៅអាកាសយានដ្ឋានអន្តរជាតិបូអាវ កាលពីវេលាម៉ោង១០ និង២៥នាទី ម៉ោង នៅប្រទេសចិន ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ពីលោកស្រី ហ៊្សី ជីង អភិបាលរងខេត្តហៃណាន ភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋ ប្រជាមានិតចិន និងលោកអគ្គកុងស៊ុល ប្រចាំទីក្រុងហៃគូ ខេត្តហៃណាន ព្រមទាំងអស់ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្តហៃណាន និងមន្រ្តីការទូតរបស់កម្ពុជា ប្រចាំប្រ ទេស ចិនជាច្រើនរូប ។
សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់ ពីថ្ងៃ ទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។ សម្តេចតេជោនឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និ សីទក្រោម មូល បទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
ស្របពេលអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ នឹងមានជំនួបជាមួយថ្នាក់ ដឹកនាំ ជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាង ប្រជាជនចិន និងនាយឧត្ដម សេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹម បក្ស និងជាអនុប្រធានទី២ នៃគណៈ កម្មា ធិការយោធាមជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។
ជាមួយគ្នានេះ សម្ដេចតេជោ នឹងអញ្ជើញបំពេញ ទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រ កសិកម្មត្រូពិច ចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា -ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និងបច្ចេកវិទ្យា ៕
ដោយ ៖ វណ្ណលុក
ប្រភព ៖ ទទក




