កុមារក្នុងប្រទេសចំនួន៤៤ រងការគំរាមកំហែងតាមអ៊ីនធើណិត

កូប៉ិនហាក់៖ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅអឺរ៉ុប ដែលគ្របដណ្តប់លើប្រទេសចំនួន៤៤ នៅថ្ងៃពុធនេះ បានឱ្យដឹងថា ១៦ភាគរយនៃកុមារដែលមានអាយុចន្លោះពី ១១ ទៅ ១៥ឆ្នាំ បានរងការគំរាមកំហែងតាមអ៊ីនធើណិតក្នុងឆ្នាំ២០២២ ពោលគឺកើនឡើងពី ១៣ភាគរយកាលពី៤ឆ្នាំមុន។

នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) លោក Hans Kluge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍នេះគឺជាសារដាស់តឿនមួយសម្រាប់យើងទាំងអស់គ្នា ដើម្បីដោះស្រាយការគំរាមកំហែង និងអំពើហិង្សា នៅគ្រប់ទីកន្លែងដែលវាកើតឡើង។

ក្មេងប្រុស ១៥ភាគរយ និងក្មេងស្រី ១៦ភាគរយ ត្រូវបានគេរាយការណ៍ថា បានទទួលរងការគំរាមកំហែងតាមអ៊ីនធើណិតយ៉ាងហោចណាស់ម្តង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ របាយការណ៍របស់ WHO បានបញ្ជាក់ថា ក្មេងជំទង់ម្នាក់ ក្នុងចំណោម ៨នាក់បានសារភាពថា បានរងការគំរាមកំហែងតាមអ៊ីនធឺណិត កើនឡើង ៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨។

ការសិក្សានេះ ធ្វើឡើងផ្អែកលើទិន្នន័យពីកុមារ និងក្មេងជំទង់ប្រមាណ ២៧៩,០០០នាក់មកពី ៤៤ប្រទេសនៅទូទាំងទ្វីបអឺរ៉ុប អាស៊ីកណ្តាល និងកាណាដា។ នៅក្នុងប្រទេសភាគច្រើន ការគំរាមកំហែងតាមអ៊ីនធើណិតបានឈានដល់កម្រិតកំពូល នៅពេលដែលកុមារមានអាយុ ១១ឆ្នាំសម្រាប់ក្មេងប្រុស និង ១៣ឆ្នាំសម្រាប់ក្មេងស្រី។

អង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា កម្រិតខ្ពស់បំផុតនៃការគំរាមកំហែងតាមអ៊ីនធើណិត ដែលកើតឡើងលើក្មេងប្រុស ភាគច្រើននៅក្នុងប្រទេសប៊ុលហ្គារី លីទុយអានី ម៉ុលដាវី និងប៉ូឡូញ ខណៈដែលកម្រិតទាបបំផុតត្រូវបានរាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner