ក្រុមហ៊ុនអាកាសចរណ៍កេនយ៉ារកបានប្រាក់ចំណេញប្រតិបត្តិការលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ
ណៃរ៉ូប៊ី៖ ក្រុមហ៊ុនអាកាសចរណ៍ Kenya Airways បានបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះរកបានប្រាក់ចំណេញប្រតិបត្តិការចំនួន ៨០.៣៨លានដុល្លារកាលពីឆ្នាំមុន ដែលនេះជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ។
ក្រុមហ៊ុន Kenya Airways បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការកាលពីឆ្នាំមុន បានជួយជំរុញឱ្យប្រាក់ចំណូលរបស់ខ្លួនកើនឡើងចំនួន ៥៣ភាគរយ ក្នុងទឹកប្រាក់ជាង ១៣៤លានដុល្លារ។ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Kenya Airways លោក Allan Kilavuka បានប្រាប់សន្និសីទខ្លីមួយថា របាយការណ៍នេះបានចង្អុលបង្ហាញថា យើងកំពុងដំណើរការយ៉ាងល្អ នៅលើផ្លូវរបស់យើង ដើម្បីងើបឡើងវិញពីវិបត្តិ។
លោកបន្ថែមថា ក្រុមហ៊ុនក៏គ្រោងនឹងបង្កើនជើងហោះហើរនៅលើផ្លូវដ៏ពេញនិយម ដូចជាពីរដ្ឋធានីណៃរ៉ូប៊ី របស់កេនយ៉ា ទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាមួយនឹងការប្រើប្រាស់យន្តហោះថ្មី ដើម្បីទាញយកអត្ថប្រយោជន៍ពីសន្ទុះនៃតម្រូវការនោះផងដែរ។
លោកនាយកប្រតិបត្តិបានគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Kenya Airways រំពឹងថា នឹងទទួលបានយន្តហោះដឹកទំនិញបន្ថែមក្នុងពេលឆាប់ៗនេះ ក៏ដូចជាទទួលបានយន្តហោះដឹកអ្នកដំណើរ Boeing 737-800 ផ្សេងទៀត នៅត្រីមាសទីបីនៃឆ្នាំ២០២៤នេះ។
សូមជម្រាបថា ប្រាក់ចំណូលសរុបសម្រាប់ឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Kenya Airways បានកើនឡើង ៥៣ភាគរយ ដល់ទឹកប្រាក់ជាង ១៣៤លានដុល្លារ ជំរុញជាចម្បងនៃកំណើនអ្នកដំណើរចំនួន ៣៥ភាគរយ មានចំនួនប្រហែល ៥.០៤លាននាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា