បារាំង និងប្រេស៊ីលបញ្ចេញផែនការ ១.១ពាន់លានដុល្លារការពារព្រៃអាម៉ាហ្សូន
ប្រាស៊ីលីយ៉ា៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអង្គារ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសប្រេស៊ីល បានប្រកាសពីការចាប់ផ្តើមផែនការវិនិយោគរាប់ពាន់លានអឺរ៉ូ លើការការពារព្រៃអាម៉ាហ្សូន ជាមួយសមភាគីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា។
ប្រេស៊ីល និងបារាំង នៅថ្ងៃអង្គារ បានចាប់ផ្តើមកម្មវិធីវិនិយោគដ៏ធំមួយដើម្បីការពារព្រៃអាម៉ាហ្សូនរបស់ប្រេស៊ីល និងហ្គីយ៉ាណេ ដែលពាក់ព័ន្ធនឹងមូលនិធិឯកជន និងសាធារណៈមានទំហំចំនួន ១ពាន់លានអឺរ៉ូ ឬប្រហែល ១.១ពាន់លានដុល្លារ ក្នុងរយៈពេល ៤ឆ្នាំខាងមុខ នេះបើយោងតាមផែនទីបង្ហាញផ្លូវដែលចេញផ្សាយដោយប្រធានាធិបតីបារាំង នៅមុនកិច្ចប្រជុំកំពូល COP30 នៅឆ្នាំក្រោយក្នុងប្រទេសប្រេស៊ីល។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មេដឹកនាំបារាំង-ប្រេស៊ីលកំពុងស្វែងរកការលើកកម្ពស់ផែនការវិនិយោគសកលសាធារណៈ និងឯកជនដ៏អស្ចារ្យមួយទៅក្នុងជីវសេដ្ឋកិច្ចនៅប្រេស៊ីល និងហ្គីយ៉ាណេ ជាពិសេសនៅពេលដែលប្រេស៊ីលធ្វើជាប្រធានក្រុមប្រទេស G20 នៅឆ្នាំ២០២៤នេះ។
បារាំងដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥ និង ប្រេស៊ីលជាប្រទេសធំជាងគេទី៩ របស់ពិភពលោក ត្រូវបានគេចាត់ទុកថា ជាតួអង្គសំខាន់នៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ចំពេលមានការប្រជែងគ្នារវាងចិន និងសហរដ្ឋអាមេរិក។

បារាំងបានមើលឃើញប្រេស៊ីល ជាស្ពានមួយទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនធំៗ ដែលសំឡេងរបស់ប្រេស៊ីលកំពុងព្យាយាមពង្រីកតាមរយៈតំណែងជាប្រធាន G20 និងសមាជិកភាពនៃក្រុមប្រទេស BRICS+៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា