ប្រាំមួយក្រុមហ៊ុនធំៗផ្តល់ការងារជាង៤៥០កន្លែងនៅចុងសប្តាហ៍នេះ
ភ្នំពេញៈក្រុមហ៊ុនវិនិយោគ សហគ្រាស និងធនាគារ ចំនួនប្រាំមួយត្រូវការបុគ្គលិកជាង៤៥០នាក់ ដើម្បីបំពេញការងារលើមុខជំនាញផ្សេងៗ។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចទៅដាក់ពាក្យនៅ វេទិកា ការងារ ដែល រៀបចំ ដោយ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ នៅ ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៤ខាងមុខ នៅក្នុងបរិវេណក្រសួងការងារ។
ក្រុមហ៊ុន និងស្ថាប័នធំៗទាំងនោះរួមមាន៖ ក្រុមហ៊ុន ក្រៀល ខេមបូឌា, ក្រុមហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័រវើដខេម អ៊ិនធើណេសិនណល់ អ៊ិនវេសមេន, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូវ៉ា និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។
ឯកឧត្តម កត្តា អ៊ន អ្នក នាំពាក្យ ក្រសួង ការងារ និង បណ្តុះ បណ្តាល វិជ្ជាជីវៈ ឲ្យ ដឹងថា ជំនាញភាគច្រើនដែលត្រូវការមានផ្នែក រដ្ឋបាល ព័ត៌មានវិទ្យា គ្រប់គ្រង ទីផ្សារ និង ជំនាញធនាគារជាដើម។ លោក បន្ថែមថា ពិព័រណ៍ការងារនេះនឹងផ្តល់ឱកាសដល់ក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្ម បានជួបអ្នកស្វែងរកការងារ និងសម្ភាសទទួលយកអ្នកស្វែងរក ការងារធ្វើឲ្យចូលធ្វើការងារ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះនឹង បង្កភាពងាយស្រួល ឱ្យយុវជនបានស្វែងយល់ពីការងារ និងបទពិសោធ ក៏ដូចផលិតភាពក្រុមហ៊ុន ។
គួរសម្គាល់ថា ប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាប្រឈមច្រើនក្នុងវិស័យការងារ និងជំនាញរបស់យុវជន និងសិស្ស និស្សិត។ ភាពមិនស៊ីចង្វាក់គ្នារវាងកម្លាំងពលកម្ម និងតម្រូវការរបស់និយោជក លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈដែលនៅមានកម្រិត រួមចំណែកដល់ការលំបាកក្នុងការរកការងារដែលមានចំណូលសមរម្យ ហើយនិយោជកលំបាកក្នុងការរកបុគ្គលិកដែលមានគុណភាព។
លោកជំទាវ អ៊ូច ជាច័ន្ទមូលីកា ប្រធានស្តីទី ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានលើកឡើងថា បញ្ហាលំបាកក្នុងការរកងារគឺអាស្រ័យលើបុគ្គល។ លោកស្រីថា សិស្ស និស្សិត និងយុវជនមួយចំនួន អត់ដឹងវិធីសាស្ត្រស្វែងរកការងារ យុវជនខ្លះនៅខ្វះព័ត៌មាន និងខ្លះទៀតមិនបានត្រៀមខ្លួនឲ្យបានល្អដើម្បីដាក់ពាក្យរកការងារជាដើម។ ដោយហេតុនេះហើយ លោកស្រីថា ទីភ្នាក់ងារជាតិមុខរបរបានផ្តល់សេវាប្រឹក្សាដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនេះ សាលាបណ្តុះបណ្តាលជំនាញបច្ចេកទេសនានានៅទូទាំងប្រទេសកំពុងជ្រើសរើស សិស្ស និស្សិត និងយុវជន ជាង ១លាន៥សែន ឲ្យចូលសិក្សាជំនាញវិជ្ជាជីវៈខ្លះៗដោយមិនយកប្រាក់៕
ដោយៈទួន សុផល





