ផ្លូវថ្មីប្របមាត់ព្រែកខេត្តកំពត និងសួនកម្សាន្ត ចាប់ផ្តើមសាងសង់

ភ្នំពេញ:ផ្លូវប្របមាត់ព្រែកកំពង់បាយដែលស្ថិតនៅទីរួមខេត្តកំពត ចាប់ពីចំណុចគល់ស្ពានថ្មី រហូតដល់គល់ស្ពាន ចាស់ ប្រវែងជាង ៧០០ម៉ែត្រ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ សួនកម្សាន្តតាមមាត់ ព្រែក ដែលមានចំណតរថយន្ត ឆ្នេរខ្សាច់ សម្រាប់លេងទឹក និងលេងកីឡាលើទឹកផ្សេងទៀត ក៏ចាប់ផ្តើមដំណើរការសាងសង់ដំណាលគ្នាផងដែរ។ សមិទ្ធផលថ្មីទាំងនេះ នឹងលេចរូបរាង នៅពេលឆាប់ៗ ដែលអាជ្ញាធរខេត្តរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឲ្យទៅខេត្តកំពត។

នៅក្នុងអំឡុងពេលចុះពិនិត្យ និងបើកការដ្ឋាននៅថ្ងៃអង្គារម្សិលមិញ ឯកឧត្តម  ម៉ៅ  ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យពន្លឿនការស្ថាបនាឆ្នេរខ្សាច់ថ្មីនៅលើទឹកដីខេត្តកំពត ដើម្បីឱ្យភ្ញៀវទេសចរបានចូលលេងកម្សាន្ត នៅពេលឆាប់ៗខាងមុខនេះ។ លោកបន្តថា តំបន់ឆ្នេរខ្សាច់កម្សាន្ត នេះគឺជាបេះដូងនៃក្រុង កំពត ហើយនៅពេលអនាគត ទីតាំងនេះនឹងក្លាយជាទីតាំងសម្រាប់ការរៀបចំព្រឹត្តិការណ៍ធំៗផងដែរ។

ទន្ទឹមនេះអភិបាលខេត្តរូបនេះ បានស្នើឱ្យពលរដ្ឋដែលរស់នៅជាប់ដងព្រែកកំពង់បាយដែលបានសង់ សំណង់ ចូលក្នុងដី ចំណីព្រែកដែលជាកម្មសិទិ្ធសាធារណៈរបស់រដ្ឋ សហការរុះរើ ដើម្បីបង្កើនល្បឿនស្ថាបនាផ្លូវថ្មីនេះ។

អ្នកអភិវឌ្ឍន៍ដីធ្លី និងអចលនទ្រព្យក្នុងខេត្តកំពត បានបង្ហាញពីសុទិដ្ឋិនិយមចំពោះគម្រោងអភិវឌ្ឍន៍នេះដែលលោករំពឹងថា នឹងអាចធ្វើឱ្យតម្លៃដីធ្លីនៅខេត្តកំពតប្រសើរឡើងវិញ។ លោក ជិន ណារិន  អ្នកអភិវឌ្ឍន៍គម្រោង ដីធ្លី  និងផ្ទះលំហែកាយ នៅខេត្តកំពត សង្ឃឹមថាតម្រូវការដីធ្លី សម្រាប់សាងសង់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជា ផ្ទះលំហែកាយ នឹងកើនឡើង៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner