គាំងលុយរាប់លានដុល្លារក្នុងគម្រោងវិនិយោគ តើវិបត្តិនេះប៉ះពាល់សេដ្ឋកិច្ច និងសង្គមយ៉ាងដូចម្តេច?
ភ្នំពេញ:ស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលបានរុញគម្រោងវិនិយោគឲ្យជាប់គាំង កប់លុយរាប់រយលានដុល្លារទៅក្នុងវិស័យនានា ជាពិសេសក្នុងវិស័យអចលនទ្រព្យដែលធ្លាប់តែពុះកញ្ជ្រោល។
ជាក់ស្តែង គ្រាន់តែក្រុមហ៊ុន Cambodian Investors Corporation ឬ CIC មួយត្រូវគេរាយការណ៍ថា បានកប់បាត់ទុនជិត១០០លានដុល្លារអាមេរិក។ មុន CIC គឺក្រុមហ៊ុន GoldFx ដែលមានប្រជាជនជាអ្នកដាក់ទុន២ ០០០នាក់ តវ៉ាពីការបាត់ប្រាក់រាប់លានដុល្លារ។
នេះ នៅមិនទាន់រាប់បញ្ចូលថវិការាប់សិបលានដុល្លារផ្សេងទៀត ដែលកៀរគរពីអ្នកទិញផ្ទះ និងដីឡូត៍ដែលផ្អាកដំណើរការ ឬម្ចាស់បោះបង់ នៅឡើយ។ មានក្រុមហ៊ុនមួយចំនួនទៀត ដែលប្រមូលលុយពីប្រជាពលរដ្ឋ ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ តែនៅទីបំផុតម្ចាស់ជាប់ចោទពីបទឆបោក ដូចជាករណី ក្រុមហ៊ុន ប្រ៊ីលានស៊ីធីរបស់អ្នកស្រី ឡេង ចាន់ណា ជាដើម។ ពលរដ្ឋជាម្ចាស់លុយ មួយចំនួនបន្តជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយសារចូលរួមវិនិយោគជាមួយគម្រោងទាំងនេះ។ គិតមកដល់ពេលនេះ មិនមានទិន្នន័យសរុបផ្លូវការនៃទុនដែលជាប់គាំងឬទុនដែលឈ្មួញទុច្ចរិតវេចខ្ចប់បាត់ស្រមោល នៅឡើយ ប៉ុន្តែ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ សន្និដ្ឋានថា អាចមានរហូតដល់រាប់ពាន់លានដុល្លារ។ អ្នកជំនាញយល់ឃើញខុសគ្នាពីផលប៉ះពាល់នៃវិបត្តិនេះទៅលើស្ថានភាពសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទូរទស្សន៍អប្សរាថា បញ្ហានេះអាចប៉ះពាល់ដល់សេដ្ឋកិច្ច ប៉ុន្តែ វាមិនមានឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចទេ។
«បើនិយាយពីកំណើនខ្ញុំគិតថាអត់មានប៉ះទេ។ បើយើងនិយាយអំពីផលប៉ះពាល់សេដ្ឋកិច្ច អាចនឹងប៉ះដោយសារតែប្រជាជនអាចជាកម្លាំងពលកម្មមួយ ដែលចូលរួមចំណែកក្នុងសេដ្ឋកិច្ចទាំងមូល អ៊ីចឹងបើសិនប៉ះទង្គិចដល់ចំណូលរបស់គាត់ វានឹងអាចប៉ះពាល់ដល់ការរកស៊ីរបស់គាត់មួយចំនួន»។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន និងជាអ្នកតាមដានសេដ្ឋកិច្ចមួយរូប យល់ថា វិបត្តិនេះប៉ះសេដ្ឋកិច្ចគ្រួសារច្រើនជាងធ្វើឲ្យរង្គោះរង្គើម៉ាក្រូសេដ្ឋកិច្ច។
«បើយើងនិយាយអំពីផលប៉ះពាល់ទៅលើម៉ាក្រូសេដ្ឋកិច្ចទាំងមូល ខ្ញុំគិតថាវាមានផលប៉ះពាល់តិចតួចទេ ផលដែលប៉ះពាល់គឺបុគ្គលដែលបានខ្ចីលុយសាច់ញាតិបងប្អូន ឬធនាគារ ដែលជាប់ការប្រាក់យកទៅវិនិយោគហើយខាតបង់»។
ក្រៅពីផលប៉ះពាល់លើសេដ្ឋកិច្ច វិបត្តិនេះក៏បង្កបញ្ហាសង្គមមួយចំនួនផងដែរ។ លោក ង៉ែត ជូ ដែលជាអ្នកវិភាគបញ្ហាសង្គមម្នាក់ដែរ លើកឡើងថា វិបត្តិនេះធ្វើឲ្យសង្គមបាត់បង់ការទុកចិត្តគ្នា បង្កើនការសង្ស័យគ្នា មើលបំណាំគ្នា ដែលខាតប្រយោជន៍ច្រើនក្នុងសម័យសេដ្ឋកិច្ចពោរពេញដោយការប្រកួតប្រជែង។ យ៉ាងណាក៏ដោយ លោកថា រឿងហេតុនេះ ក៏កើតមានផងដែរនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសជឿនលឿនផ្សេងទៀត។
នៅពេលនេះ និយ័តករមូលបត្រកម្ពុជា កំពុងប្រមូលទ្រព្យរបស់ក្រុម CIC ដើម្បីទូទាត់សងទៅអ្នកបណ្តាក់ទុន។ ប៉ុន្តែ សម្រាប់ក្រុមហ៊ុនដីឡូត៍ បុរី និងគម្រោងផ្សេងៗទៀត ដែលរុញឲ្យប្រជាជនរងគ្រោះ គេមិនទាន់ឃើញមានចំណាត់ការ ឬការទូទាត់សងច្បាស់លាស់នៅឡើយ។
សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២៤នេះ ត្រូវបានព្យាករណ៍ថា មានកំណើន ៦,៦ភាគរយប៉ុន្តែកំណើនជាក់ស្តែងអាចប្រែប្រួលទៅតាមសភាពការសេដ្ឋកិច្ចទាំងក្នុងស្រុក និងសកល៕
ដោយៈទួន សុផល