កែច្នៃឡាន JEEP ចាស់ៗដឹកភ្ញៀវទេសចរទស្សនាប្រាសាទអង្គរ

ភ្នំពេញៈរថយន្តហ្សីប(Jeep)ចាស់ៗជាង១០គ្រឿង ត្រូវបានគេកែច្នៃសម្រាប់យកទៅដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងខេត្តសៀមរាប ។ជាពិសេសសម្រាប់ដំណើរកម្សាន្តទស្សនាប្រាសាទអង្គវត្ត ដំណើរទេសចរតាមដងទន្លេ ដំណើរទេសចរមើលថ្ងៃលិច និងសត្វ និងការឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការ។

រថយន្តហ្សីបទាំងនេះត្រូវបានផលិតក្នុងទសវត្សរ៍៦០។ ការកែច្នៃឡើងវិញ ធ្វើឲ្យរថយន្តទាំងនេះមានភាពទាក់ទាញជាមួយនឹងរូបរាងជ្រុង តូចសមសួន ដំបូលបាំងក្រណាត់ និងគ្មានទ្វារ ដែលផ្តល់បទពិសោធន៍ថ្មី ដ៏មួយគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកដំណើរ។

អ្នកស្រី អាគីម លី (Akim Ly) ស្ថាបនិកក្រុមហ៊ុន Adventures Cambodia ជាអ្នកនៅពីក្រោយគំនិតផ្តួចផ្តើមនេះ។ លោកស្រីថា រថយន្ត JEEP ចាស់ៗទាំងនេះ ជារបស់កម្រ និងកំពុងទទួលបានការគាំទ្រជាពិសេសក្នុងចំណោមភ្ញៀវបរទេសដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ កញ្ចប់ទេសចរណ៍ដោយប្រើឡាន JEEP នេះមានតម្លៃចាប់ពី៣២ម៉ឺនរៀល ឬ៨០ដុល្លារអាមេរិកឡើងទៅ ដោយបូកបញ្ចូលទាំងសេវាម្ហូបអាហារ។

នៅពេលដែលដំណើរផ្សងព្រេងលើរថយន្តកែច្នៃនេះទទួលបានការគាំទ្រពីភ្ញៀវបរទេស មានទាំងអឺរ៉ុប អាមេរិក និងអាស៊ី អ្នកស្រី អាគីម និយាយថា ប្រជាពលរដ្ឋខ្មែរមិនសូវមានការចាប់អារម្មណ៍ទេ ដែលអ្នកស្រីយល់ថា អាចមកពីកញ្ចប់សេវាមានតម្លៃខ្ពស់បន្តិចសម្រាប់ពួកគេ។

ដោយចាប់ផ្តើមពីត្រឹមមានឡាន JEEP នេះមួយគ្រឿងកាលពីឆ្នាំ ២០១១ អ្នកស្រី អាគីម ពេលនេះមានឡាន JEEP ស៊េរីដូចគ្នាចំនួន១២គ្រឿងដែលកំពុងបម្រើភ្ញៀវទេសចរ ដោយជាធម្យមអ្នកស្រីទទួលបានភ្ញៀវ ៣០ទៅ ៤០នាក់ក្នុង មួយថ្ងៃ។ អ្នកស្រីកំពុងកែច្នៃនូវរថយន្ត JEEP ប្រហែលជា៤-៥គ្រឿងទៀត ដើម្បីបំពេញតម្រូវការវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដែលហាក់ដូចជាមសន្ទុះល្អជាងមុន។ រយៈពេលជាង១០ឆ្នាំកន្លងទៅនេះ អ្នកស្រី អាគីម បានបោះទុនអស់ជាង២០ម៉ឺនដុល្លារទៅលើមុខរបរមួយនេះ៕
ដោយៈ សែន ដាវីដ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner