អតិផរណាអេស្ប៉ាញកើនឡើង ៣.២ភាគរយក្នុងខែមីនា
ម៉ាឌ្រីដ៖ ទិន្នន័យផ្លូវការបឋម បានបង្ហាញឱ្យដឹងនៅថ្ងៃពុធថា អតិផរណារបស់ប្រទេសអេស្ប៉ាញបានកើនឡើងក្នុងខែមីនា ឆ្នាំ២០២៤ កត្តាចម្បងបណ្តាលមកពីតម្លៃថាមពលហក់ឡើងខ្ពស់ជាងមុន។
ទិន្នន័យបឋមពីវិទ្យាស្ថានស្ថិតិជាតិ (INE) របស់ប្រទេសអេស្ប៉ាញ បានបង្ហាញថា អតិផរណារបស់ប្រទេសអេស្ប៉ាញ បានកើនឡើង ៣.២ភាគរយ ក្នុងរយៈពេល ១២ខែ គិតមកទល់ខែមីនា ឆ្នាំ២០២៤ តួលេខនេះហក់ឡើងខ្ពស់ជាងខែកុម្ភៈ ដែលមានត្រឹម ២.៩ភាគរយ។
ការិយាល័យ INE បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣.២ភាគរយ ឈរលើមូលដ្ឋានប្រចាំឆ្នាំ កើនឡើងពី ២.៨ភាគរយកាលពីខែកុម្ភៈ។ កត្តាចម្បងដែលជំរុញឱ្យមានអតិផរណា គឺការកើនឡើងនៃតម្លៃអគ្គិសនី និងប្រេងឥន្ធនៈ ដែលប៉ះប៉ូវកំណើនយឺតនៃម្ហូបអាហារ និងតម្លៃភេសជ្ជៈគ្មានជាតិអាល់កុល។
គួរបញ្ជាក់ថា អតិផរណាអេស្ប៉ាញបានកើនឡើងដល់ ១០.៨ភាគរយនៅក្នុងខែកក្កដា ឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៥ ចំពេលដែលការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។
ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក្នុងឆ្នាំ២០២២ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីជួយគ្រួសារប្រជាជនទប់ទល់នឹងអតិផរណាខ្ពស់ ដូចជាការធ្វើដំណើរតាមផ្លូវដែកដោយឥតគិតថ្លៃ ដែលខ្លួនគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
