ក្រុមហ៊ុនលក់សម្លៀកបំពាក់ធំបំផុតទី២ របស់ពិភពលោក ចំណេញជាង ១១៣លានដុល្លារ
ស្តុកខុល៖ ក្រុមហ៊ុន H&M នៅថ្ងៃពុធ បានបញ្ជាក់ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងច្រើនជាងទ្វេដងនៅក្នុងត្រីមាសទី១ ស្របពេលដែលក្រុមហ៊ុនសម្លៀកបំពាកលក់រាយធំបំផុតទី២ របស់ពិភពលោកមួយនេះ ព្យាយាមគ្រប់គ្រងការចំណាយ។
ក្រុមហ៊ុន H&M បានរាយការណ៍ពីប្រាក់ចំណេញក្រោយការបង់ពន្ធចំនួន ១.២ពាន់លានក្រូន័រ ឬប្រហែល ១១៣.៣លានដុល្លារក្នុងត្រីមាសទី១ ពោលគឺក្នុងអំឡុងខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនលក់សម្លៀកបំពាក់ស៊ុយអែតនេះ កើនឡើងជិត៣ដង ដល់ ២.១ពាន់លានក្រូន័រ ឬជាង ១៩៤លានដុល្លារ លើសពីការព្យាករណ៍ដែលមានត្រឹម ១.៣ពាន់លានក្រូន័រ ឬជាង ១២២លានដុល្លាររបស់អ្នកវិភាគ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg។
ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន H&M លោក Daniel Erver បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងបន្តរៀបចំផែនការអាជីវកម្មរបស់យើង ដោយគោរពតាមស្ថានភាពលំបាកនៅលើពិភពលោក ជាពិសេសអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ដោយសារអតិផរណា និងអត្រាការប្រាក់ខ្ពស់។
លោកនាយកប្រតិបត្តិបានសង្កត់ធ្ងន់ទៀតថា អាទិភាពកំពូលរបស់យើង គឺការពង្រឹងការលក់ ហើយគោលដៅរបស់យើង គឺសម្រេចឱ្យបាននូវអត្រាប្រតិបត្តិការចំនួន ១០ភាគរយសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

