ស៊ុយអែតបង្កើតរោងចក្របំពាក់បច្ចេកវិទ្យាទំនើបបំផុតកែច្នៃប្លាស្ទិក

ម៉ូតាឡា៖ រោងចក្របំពាក់ដោយបច្ចេកវិទ្យាទំនើបដ៏ធំមួយ ដែលមានឈ្មោះថា “Site Zero” ត្រូវបានរដ្ឋាភិបាលស៊ុយអែតសង្ឃឹមថា នឹងធ្វើបដិវត្តការកែច្នៃប្លាស្ទិករបស់ប្រទេសខ្លួន។

នាយកប្រតិបត្តិក្រុមហ៊ុន Swedish Plastic Recycling ដែលគ្រប់គ្រងឧស្សាហកម្មផ្លាស្ទិក លោក Mattias Philipsson និយាយថា ពន្លឺអ៊ីនហ្វ្រារ៉េដ ឡាស៊ែរ កាមេរ៉ា និងសូម្បីតែបញ្ញាសិប្បនិមិត្ត សុទ្ធតែត្រូវបានប្រើដើម្បីតម្រៀបគំនរសំរាមប្លាស្ទិក។ លោក Philipsson បន្ថែមថា រោងចក្រនេះគឺជាផ្នែកមួយនៃសេដ្ឋកិច្ចរាងជារង្វង់ និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

ដោយមានទីតាំងនៅខាងក្រៅទីក្រុងម៉ូតាឡា មានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានីស្តុកខុល រោងចក្រនេះបានបើកដំណើរការតាំងពីចុងឆ្នាំ២០២៣ ហើយត្រូវបានគេចាត់ទុកថា ជា “កន្លែងដ៏ធំបំផុត និងទំនើបបំផុតរបស់ពិភពលោកសម្រាប់ការកែច្នៃប្លាស្ទិក”។

រោងចក្រដំណើរការដោយស្វ័យប្រវត្តិទាំងស្រុងនេះ អាចកែច្នៃសំរាមបានចំនួន ២០០,០០០តោនក្នុងមួយឆ្នាំ និងអាចញែកប្លាស្ទិកចំនួន ១២ប្រភេទផ្សេងៗគ្នា បើធៀបនឹងរោងចក្រធម្មតាអាចធ្វើបានត្រឹម៤ប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារការពារបរិស្ថានស៊ុយអែត (EPA) បានឱ្យដឹងថា នៅឆ្នាំ២០២២ កាកសំណល់ប្លាស្ទិកត្រឹមតែ ៣៥ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញ ក្រោមការវាយតម្លៃជាមធ្យមរបស់សហភាពអឺរ៉ុប ៤០ភាគរយ។

បើតាមទីភ្នាក់ងារ EPA ការដុតចោលកាកសំណល់ប្លាស្ទិកមានប្រហែល ៧ភាគរយ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសស៊ុយអែត។ ទន្ទឹមគ្នា ប្រតិបត្តិករស៊ុយអែតសង្ឃឹមថា ច្បាប់របស់សហភាពអឺរ៉ុបនាពេលខាងមុខ ដែលតម្រូវឱ្យមានការវេចខ្ចប់ថ្មី ដើម្បីរួមបញ្ចូលចំនួនជាក់លាក់នៃប្លាស្ទិកកែច្នៃឡើងវិញ នឹងផ្តល់ការជំរុញដល់ឧស្សាហកម្មកែច្នៃឡើងវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner