សមិទ្ធផលនានាក្នុងវិស័យពុទ្ធសាសនានៅវត្តសិរីមង្គលបានសម្ពោធដាក់ឲ្យប្រើប្រាស់ និងជាទីគោរពបូជាហើយ
បន្ទាយមានជ័យ៖ សមិទ្ធផលនានាក្នុងវិស័យពុទ្ធសាសនានៅវត្តសិរីមង្គល ស្ថិតនៅភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាទីគោរពបូជាហើយកាលពីថ្ងៃទី ៦ កក្ដដា ២០១៩ ក្រោមវត្តមាន ឯកឧត្ដម អុី ឡុង សមាជិករដ្ឋភា ឯកឧត្ដម សួន បវរ អតីតៈអភិបាលខេត្ត និងលោកជំទាវ លោកលោកស្រី ជាពុទ្ធបរិស័ទចំណុះជើងវត្ត។
លោក សៃ ឡៅ មេឃុំបត់ត្រង់ បានរាយការណ៍ពីប្រវត្តិនៃការកកើតវត្តសិរីសោភ័ណបានចាប់ផ្តើមកសាងដំបូងនៅឆ្នាំ១៩៩៧ ដោយការផ្តួចផ្តើមពីសំណាក់ឧបាសក លៀម លឹង ព្រះគ្រូសិរីមង្គល រតនាតោ ប៉ៅ ឈាង អនុគណស្រុកមង្គលបូរីរួមជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទ សប្បុរសជនក្នុង និងក្រៅប្រទេសជាពិសេសពុទ្ធបរិស័ទនៅភូមិព្រែកជីក បាននៅព្រះវិហារសង់ពីឈើក្នុងទ្រុងទ្រាយតូច និងសាលាឆ័នមួយខ្នង។
វត្តនេះចាប់ផ្តើមរីកចំរើនយ៉ាងឆាប់រហ័សចាប់ពីឆ្នាំ២០០៩ ក្នុងការគ្រប់គ្រងដឹកនាំដោយព្រះចៅអធិការវត្តទី៥ ព្រះនាម សារ៉ាត សេងវឌ្ឍន៍ បានផ្តួចផ្តើមកសាងបាននៅព្រះវិហារពីបេតុងរឹងមាំ និងស្រសស្អាត់ និងប្រារព្វពិធីកាត់ឬសីមានៅឆ្នាំ២០១៦ និងសមិទ្ធផលដែលកំពុងសម្ភោធដាក់ឲ្យប្រើប្រាស់នៅសាលាកុដិមួយខ្នងពីរជាន់៧បន្ទប់ សួនច្បារមុខព្រះវិហារ និងដាក់អំពូលសូឡាបំភ្លឺទីធ្លាក្នុងវត្តពីសំណាក់លោក សួន បវរ កាលពីនៅអភិបាលខេត្តបន្ទាយមានជ័យ និងកសាងរបងថ្មព័ន្ធជុំវិញវត្ត។ សរុបសមិទ្ធផលដែលត្រូវសម្ភោធទាំងអស់ខាងលើសរុបចំនួន១៦២៨៩៨ដុល្លារ(មួយរយហុកសិបពីរពាន់ប្រាំបីរយកៅសិបប្រាំដុល្លា)។
ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានលើកឡើងថាវត្តសិរីមង្គលជាវត្តមួយទើបកើតឡើងតែមានការរីចំរើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំកសាងពី សំណាក់ព្រះគ្រូចៅអធិការវត្តព្រះនាម សារ៉ាត សេងវឌ្ឍន៍។ នេះជាការបញ្ជក់ពីការរីកចំរើនក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ៕ធ.ដ
ដោយ៖ ឃិន គន្ធា