ចិនប្តេជ្ញាជួយកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦

(ភ្នំពេញ)៖ ចិនបានប្តេជ្ញាជួយកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆារ និងអង្ករ។

នេះជាការបញ្ជាក់របស់លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងទីក្រុងបូអាវ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបនេះ លោក ចាវ ឡឺជី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ លោកបានជំរាបសម្តេចតេជោ ថា នឹងជួយកម្ពុជា និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការណ៍ក្រោមក្របខណ្ឌ Belt and raod ។

លោក ចាវ ឡឺជី ក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា នឹងជួយជំរុញបណ្តាអ្នកវិនិយោគរបស់ចិន ទៅវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ជាដើម។ លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងសហការជាមួយកម្ពុជាក្នុងការបង្រ្កាបបទល្មើសតាមតាមអនឡាញ ។

លោកបានជំរាបសម្តេចតេជោ បន្ថែមថា ភាគីចិន នឹងបន្តយកចិត្តទុកដាក់ពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងហ្លូងម៉ែ។

លោក ចាវ ឡឺជី ក៏បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងចិន ជាពិសេសកសាងសហគមន៍ជោគវាសនារួម ។ ជាមួយគ្នានោះ លោកបានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របណាមួយ។ លោកបានអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យលើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីពេលថ្មីៗនេះ ។

នៅក្នុងឱកាសនៃជំនួបនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចាវ ឡឺជី ដែលបាននាំនូវការសួរសុខទុកសម្តេចពីសំនាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ភាគីចិនដែលតែងតែយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា និង ហ្លួងម៉ែ ។ សម្តេច ក៏បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិន តាំងពីអតីតកាលមក។

សម្តេចតេជោ ក៏បានលើកឡើងពីគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើតាមរយៈលោក ចាវ ឡឺជី ដល់រដ្ឋាភិបាលចិន លើការគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងជួយផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា និងជាតិកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner