ធនាគារពិភពលោកថាកម្ពុជាមានសក្តានុពលបង្កើនចំនួនយានយន្តអគ្គិសនីលើដងផ្លូវ
ភ្នំពេញៈធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ប្រទេសកម្ពុជា អាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។
ធនាគារពិភពលោកបាន លើកឡើងដូច្នេះ នៅក្នុងរបាយការណ៍ថ្មីមួយអំពីការប្រើប្រាស់យានយន្តអគ្គិសនី ដែលចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ។ របាយការណ៍នេះ ផ្តល់អនុសាសន៍ដើម្បីជួយកម្ពុជាងាកចេញពីទីផ្សារដែលគ្របដណ្ដប់ដោយយានយន្តប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលសុទ្ធតែត្រូវបាននាំចូលពីក្រៅ ប្រទេស។ នៅក្នុងនោះ ក៏មានផងដែរនូវអនុសាសន៍ថា តើគួរបង្កើនកម្រិតណា ទាំងតម្រូវការ និងការផ្គត់ផ្គង់យានយន្តអគ្គិសនី (EVs) និងថា តើគួរត្រៀមខ្លួនដូចម្តេចខ្លះ សម្រាប់ការកើនឡើងនៃតម្រូវការថាមពលអគ្គិសនី ដែលចាំបាច់សម្រាប់សាកអាគុយយានយន្តអគ្គិសនី។
កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមាន អព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូនគ្មានបំភាយ កាបូន រួមបញ្ចូល គោលដែលមាន ៧០%នៃម៉ូតូ និង ៤០% នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជនជាយានយន្តអគ្គិសនីនៅត្រឹម ឆ្នាំ២០៥០។ លើស ពីនេះ រដ្ឋាភិបាលបានកំណត់គោលដៅពង្រីកសមត្ថភាពនៃមធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យបំពេញបានរហូតដល់ទៅ៣០% នៃតម្រូវការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុង គិតត្រឹម ឆ្នាំ២០៥០។
ស្របគ្នានឹងការបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួនយានយន្តសរុបដែលកំពុងធ្វើចរាចរនៅលើ ដងផ្លូវតាមការប៉ាន់ស្មាន អាចនឹងកើនឡើងពី ៦លានគ្រឿង នាពេលបច្ចុប្បន្ន ទៅដល់៨លានគ្រឿង នៅឆ្នាំ២០៣០ និង១៤លានគ្រឿង នៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ ចំនួនរថយន្តអគ្គិសនីដែលធ្វើចរាចរលើ ដងផ្លូវក្នុងប្រទេសកម្ពុជា មានតិចជាង ១ ០០០គ្រឿង ប៉ុណ្ណោះ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លើកឡើងថា គោលដៅនេះនឹងអាចសម្រេចបាន ប៉ុន្តែកម្ពុជាចាំបាច់ ត្រូវធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃការនាំចូល និងប្រើប្រាស់យានយន្តដោយប្រើវិធីសាស្រ្តរឹតបន្តឹងបន្តិចម្តងៗ។ នៅក្នុងនោះ គួរតែអនុវត្តគោលនយោបាយដែលតម្រូវលែងឱ្យមានយានយន្តដែលប្រើសាំង ឬប្រេងម៉ាស៊ូតធ្វើចរាចរលើដងផ្លូវតទៅទៀតនៅពេលដែល អាយុកាលរបស់វាចូលដល់រយៈពេលជាក់លាក់ណាមួយ ។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការលើកកម្ពស់យានយន្តអគ្គិសនី ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការកាត់បន្ថយបំភាយកាបូនក្នុងការដឹកជញ្ជូនដើម្បីឈានដល់អព្យាក្រឹតភាពនៃកាបូននៅឆ្នាំ២០៥០។ លើសពីនេះទៀតវានឹងជួយកម្ពុជាក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតការងារទៀតផង៕
ដោយ:ទួន សុផល