គុយបាប្រឈមនឹងកង្វះអាហារ និងអគ្គិសនីធ្ងន់ធ្ងរ
ហាវ៉ាន៖ អាជ្ញាធរគុយបានៅឆ្នាំ២០២៣ និយាយថា កង្វះរូបិយប័ណ្ណរឹងបានរារាំងការនាំចូលស្បៀងអាហារ ដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនចំនួន ១១លាននាក់របស់ប្រទេសដីកោះមួយនេះ។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ផលិតកម្មកសិកម្មរបស់ប្រទេសគុយបា បានធ្លាក់ចុះ ៣៥ភាគរយនៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២៣។ កាលពីខែកុម្ភៈ គុយបាបានស្នើសុំការគាំទ្រជាលើកដំបូង ពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដើម្បីធានាការផ្គត់ផ្គង់ទឹកដោះគោដល់កុមារ បន្ទាប់ពីបានប្រកាសថា ខ្លួននឹងមិនអាចបំពេញរបបអាហារគ្រប់គ្រាន់ដល់ប្រជាជនក្នុងខែនោះទេ។
ទាក់ទិននឹងកង្វះស្បៀងអាហារ និងការដាច់ភ្លើង នាំឱ្យមនុស្សរាប់រយនាក់ចេញធ្វើបាតុកម្មនៅក្នុងទីក្រុងយ៉ាងតិចចំនួន៤ របស់ប្រទេសគុយបា កាលពីថ្ងៃទី១៧ ខែមីនាកន្លងមក ដែលនេះជាការតវ៉ាដ៏ធំបំផុតចាប់តាំងពីការហែក្បួនប្រឆាំងរដ្ឋាភិបាលជាប្រវត្តិសាស្ត្រនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ បាតុកម្មបានផ្ទុះឡើងជាលើកដំបូងនៅក្នុងទីក្រុង Santiago de Cuba ដែលជាទីក្រុងធំទីពីររបស់ប្រទេសដីកោះមួយនេះ ដែលបានស៊ូទ្រាំនឹងការដាច់ភ្លើងរហូតដល់ ១៣ម៉ោងក្នុងមួយថ្ងៃ។ បាតុករភាគច្រើននាក់ជាស្ត្រី។
សម្រាប់នៅដើមឆ្នាំនេះ អាជ្ញាធរអាគុយបាក៏បានជួបការលំបាកផ្នែកដឹកជញ្ជូននំបុ័ងផងដែរ ដោយសារតែការពន្យារពេលការនាំចេញស្រូវសាលីពីបរទេស និងការខូចខាតនៅក្នុងរោងម៉ាស៊ីនចំនួន៤ ក្នុងចំណោមរោងម៉ាស៊ីនចំនួន៥ របស់ប្រទេសគុយបា ដែលជាលទ្ធផលធ្វើឱ្យប្រទេសដីកោះនេះ សម្រេចបានត្រឹមតែប្រហែលមួយភាគបីនៃតម្រូវការសរុបប៉ុណ្ណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


