រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ទូរទស្សន៍អប្សរា មានវ័យចំណាស់ បន្ទាប់ពីទូរទស្សន៍ជាតិកម្ពុជា និងបានកំពុងផលិតកម្មវិធីដោយគុណភាព ប្រកបដោយភាពទាក់ទាញ

(ភ្នំពេញ)៖ ទូរទស្សន៍អប្សរាជាទូរទស្សន៍មានវ័យចំណាស់ដោយបានចាប់ផ្តើមឡើងពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ២០២៤ ។ អប្សរាជាទូរទស្សន៍មានវ័យចំណាស់បន្ទាប់ពីទូរទស្សន៍ជាតិកម្ពុជាដែលបានបើកដំណើរការកន្លងមក។គិតមកដល់ពេលនេះទូរទស្សន៍អប្សរាមានអាយុ ៣០ឆ្នាំហើយ ។ បច្ចុប្បន្នបុគ្គលិករបស់ទូរទស្សន៍ អប្សរាមានភាពចាស់ទុំ និងមានភាពកាន់តែរឹងមាំទៅលើវិជ្ជាជីវៈ ។ ពីមួយថ្ងៃទៅមួយថ្ងៃបានទទួលការគាំទ្រក្នុងចំណោមទស្សនិកជននៃប្រទេសកម្ពុជា ។ ជាមួយគ្នាទូរទស្សន៍អប្សរាក៏មានការផលិតកម្មវិធីដែលប្រកបដោយគុណភាព និងជាការទាក់ទាញ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងពិធីសម្ពោធអគារការិយាល័យថ្មី នាំស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)នៅ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖បន្ទាប់ពីមានការកែទម្រង់ និងពិសេសសម័យឌីជីថលដែលជាតម្រូវការទស្សនិកជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញធ្វើឱ្យទូរទស្សន៍អប្សរាបានចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានជូនដល់សាធារណៈជន និងពិសេសជាងនេះមាតិការនៃការផលិតសុទ្ធសឹងជាមាតិការដែលបម្រើ និងបង្ហាញពីការពិតទៅដល់សង្គមនូវអ្វីដែលកម្ពុជាយើងកំពុងជួប។ទាំងនេះគឺជាអ្វីដែលយើងបានឃើញពីក្តីសង្ឃឹមទៅមុខនៃការរស់រាន ក៏ដូចជាការធ្វើសមាហរណកម្មនៃប្រព័ន្ធផ្សព្វផ្សាយបុរាណចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនើប ។

ជាមួយគ្នាឯកឧត្តមរដ្ឋមន្រ្តីបានក្រើនរំលឹកដល់បុគ្គលិកទូរទស្សន៍អប្សរាអ្វីដែលត្រូវយកចិត្តទុកដាក់នោះគឺខ្លឹមសារព័ត៌មាន ។ក្នុងបរិបទនាពេលបច្ចុប្បន្នមានចំណុច២ដែលគេអាចយកឈ្នះក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទំនើប នោះគឺទី១ខ្លឹមសារ ដែលចាត់ទុកថាស្តេច និងទី២គឺល្បឿននៃការផ្សព្វផ្សាយដែលជាមធ្យោបាយយ៉ាងសំខាន់ផ្សារភ្ជាប់ទៅកាន់សាធារណៈជន។ចំណុចទាំងនេះយើងត្រូវដឹងថាប្រព័ន្ធផ្សព្វផ្សាយរបស់យើងបច្ចុប្បន្ននិងតម្រូវការរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្តូរ។ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ននេះមានជម្រើស៣ក្នុងការទទួលព័ត៌មាន ។ ចំណុចទី១ គាត់ទទួលនូវខ្លឹមសារព័ត៌មាននូវអ្វីដែលយើងផលិតជូនដល់គាត់។ហេតុនេះបើយើងផលិតមិនតម្រូវចិត្តគាត់ ហើយគាត់មិនពេញចិត្តពេលនោះគាត់នឹងមិនមើល។គាត់នឹងងាកទៅមើលជម្រើស២ទៀតគឺមើល tiktok youtube ឬហ្វេសប៊ុក ដែលជាប្រភពព័ត៌មានមួយសម្រាប់គាត់។សម្រាប់ជម្រើសមួយទៀតបើគាត់គិតថាមិនមានមាតិកាសម្រាប់មើល ហេតុនេះគាត់នឹងបង្កើតមាតិកាខ្លួនឯងនោះគឺ Content producer(អ្នកផលិតមាតិការ) ។ បច្ចុប្បន្នអ្នកផលិតមាតិការមួយចំនួនបានដើរតួនាទីយ៉ាងសំខាន់ ហើយមួយចំនួនបានដឹកនាំប្រព័ន្ធផ្សព្វផ្សាយផង ។ ទាំងអស់នោះដើម្បីយើងអាចប្រកួតប្រជែងបានមួយចំនួនបន្ថែមទៀតប្រព័ន្ធផ្សព្វផ្សាយរបស់យើងមិនត្រឹមតែធ្វើក្នុងខ្លឹមសារបុរាណនោះទេ។ប៉ុន្តែក៏ត្រូវគិតអំពីរបៀបនឹងវិធីសាស្រ្តក៏ដូចជាបច្ចេកទេស ពិសេសជ្រើសរើសខ្លឹមសារដែលមានការទាក់ទាញជាចាំបាច់ ។

គួរបញ្ជាក់ថាក្រុមហ៊ុនអប្សរា មេឌាសីវីស បានសម្ពោធដាក់ឱ្យប្រើ ប្រាស់អគារការិយាល័យ រួមជាមួយពិធីអបអរសាទរខួប៣០ឆ្នាំរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និង ខួប០៣ឆ្នាំ របស់បណ្តាញព័ត៌មានAMS ។

អស់រយៈពេលជាង៣០ឆ្នាំ ក្រុមហ៊ុនអប្សរាព័ត៌មាន បានខិតខំ បំពេញការងារអាទិភាព និងខំធ្វើកំណែទម្រង់ស៊ីជម្រៅលើកិច្ចការជាច្រើន ដើម្បីធានាដំណើរការ ផ្សព្វផ្សាយ និងការផ្សព្វផ្សាយមាននិរន្តរភាពក្នុងទីផ្សារសោតទស្សន៍នៅកម្ពុជា។ ការផ្លាស់ប្តូទីតាំង ការិយាល័យ មានអត្ថន័យជាពិសេសការឆ្ពោះទៅសម្រេចឲ្យបាន ក្នុងការប្រែក្លាយជាបណ្តាញផ្សព្វផ្សាយ ទំនើបឆ្ពោះទៅបែបឌីជីថល បើទោះបីជាត្រូវប្រឈមនិន្នាការថ្មីៗ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងពីគ្រប់មជ្ឈដ្ឋាន នៅតាមបណ្តាប្រទេសក្នុងតំបន់ និងសកលលោកក្តី។

នៅពេលខាងមុខក្រុមហ៊ុនអប្សរាព័ត៌មាន មានបំណងការប្រែក្លាយការផ្សាយរបស់ខ្លួន ទៅជាឌីជីថល (Digital TV) គឺ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនាពេលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងជំរុញការបង្កើត មាតិកាល្អៗ បំពាក់សម្ភារៈថតនិងផលិតទំនើប ការផ្សាយនៅក្នុងបណ្តាញសង្គម (Social Media) ដើម្បីឆ្លើយ តបនឹងតម្រូវការអ្នកទស្សនា និងទីផ្សារ ក៏ដូចជាឱ្យស្របនឹងដំណើរវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា។

គួររំលឹកថាស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា ត្រូវបានបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៩៤ គឺបន្ទាប់ពីប្រទេសកម្ពុជា បានដំណើរការបោះឆ្នោតសកល លើកដំបូងដែលរៀបចំដោយអ៊ុនតាក់នាឆ្នាំ១៩៩៣។ ក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាលើកទី២ ដែលប្រកាន់យកការកសាងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានបំពេញបេសកកម្មរបស់ខ្លួនដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជី វៈសារព័ត៌មាន។

ក្នុងដំណាក់ដំបូងស្ថានីយវិទ្យុ និងទូរទស្សន៍បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករម្លែក ព័ត៌មានយ៉ាងទូលំទូលាយតាមរយៈវិទ្យុអេហ្វអឹមចំនួន២ គឺវិទ្យុអប្សរា អែហ្វអេម97 មេហ្គាហឺត (FM97MHz) ដែលមានកម្លាំងផ្សាយ១០គីឡូវ៉ាត់ (10kw) និង99 មេហ្គាហឺត (FM99MHz) ដែលមានកម្លាំងផ្សាយ៥គីឡូវ៉ាត់ និងតាមទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ដែលមានកម្លាំងផ្សាយ ១០គីឡូវ៉ាត់ (10kw)។

រយៈពេល៣ឆ្នាំក្រោយការបង្កើតAMS រហូតមកដល់បច្ចុប្បន្ន AMS បានកែទម្រង់លើការផ្សព្វផ្សាយរបស់ ខ្លួនដោយធ្វើលើប្រព័ន្ធចម្រុះ ទាំងប្រព័ន្ធបែបប្រពៃណី និងប្រព័ន្ធបែបឌីជីថល។ អាចនិយាយបានថា វិទ្យុ ទូរទស្សន៍អប្សរា និងបណ្តាញរបស់AMSទាំងអស់ កំពុងអភិវឌ្ឍន៍ខ្លួនទៅតាមបរិបទសង្គមសម័យទំនើប ដោយ ច្បាមទៅលើផ្សព្វផ្សាយ ការចែករំលែកលើបណ្តាញសង្គមមានចំណាប់អារម្មណ៍ខ្ពស់។

AMS មានមហិច្ឆតាទៅជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានដ៏មានសក្តានុពល ក្នុងការបង្កើតនូវមាតិកា ព័ត៌មានធំទូលាយសម្បូរបែប និងមានប្រយោជន៍ ព្រមទាំងផ្សាភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ ទាំងក្នុងនិង ក្រៅប្រទេស និងលើពិភពលោក ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner