IMF ផ្តល់ប្រាក់កម្ចីចំនួន ៨២០លានដុល្លារឱ្យអេហ្ស៊ីបស្តារសេដ្ឋកិច្ចឡើងវិញ
គែរ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅថ្ងៃសុក្រ បានប្រកាសពីការផ្តល់ប្រាក់កម្ចីចំនួន ៨២០លានដុល្លារភ្លាមៗដល់រដ្ឋាភិបាលអេហ្ស៊ីប ដើម្បីជួយប្រទេសនេះស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអនុម័តផ្តល់ប្រាក់កម្ចីចំនួន ៨២០លានដុល្លារទៅឱ្យអេហ្ស៊ីបនាពេលនេះ គឺជាផ្នែកមួយនៃកម្មវិធីផ្តល់ជំនួយចំនួន ៣ពាន់លានដុល្លារ ដែលបានផ្តល់ចាប់តាំងពីចុងឆ្នាំ២០២២។ ការសម្រេចចិត្តរបស់ IMF នេះដែរ ត្រូវបានពន្យារពេលម្តងហើយម្តងទៀត និងរង់ចាំយ៉ាងអន្ទះសារដោយរដ្ឋាភិបាលអេហ្ស៊ីប ស្របពេលដែលសេដ្ឋកិច្ចប្រទេសនេះ កំពុងប្រឈមនឹងការលំបាកកាន់តែខ្លាំង។

បន្ថែមលើនេះ ក្រុមប្រឹក្សាភិបាល IMF ក៏បានអនុម័តផ្តល់ថវិកាចំនួន ៥ពាន់លានដុល្លារបន្ថែមទៀតផងដែរ តាមរយៈការប្រកាសកាលពីដើមខែនេះ ធ្វើឱ្យប្រាក់កម្ចីសរុបរបស់ IMF ផ្តល់ទៅឱ្យអេហ្ស៊ីប កើនឡើងដល់ ៨ពាន់លានដុល្លារ។
កាលពីដើមខែនេះ ធនាគារកណ្តាលអេហ្ស៊ីបបានដំឡើងអត្រាការប្រាក់ចំនួន ៦ភាគរយ កើនដល់ ២៧.៧៥ភាគរយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា និងនាំអត្រាប្តូរប្រាក់ផ្លូវការខិតទៅជិតអត្រាទីផ្សារងងឹត ដែលបណ្តាលឱ្យប្រាក់ផោនអេហ្ស៊ីបធ្លាក់ចុះ ៤០ភាគរយក្នុងមួយថ្ងៃ បន្ទាប់ពីធ្លាក់ចុះ ៥០ភាគរយ ក្នុងប៉ុន្មានខែចុងក្រោយនេះ។
ជិតពីរភាគបីនៃប្រជាជនចំនួន ១០៦លាននាក់របស់អេហ្ស៊ីប កំពុងរស់នៅក្រោម ឬលើសពីខ្សែបន្ទាត់នៃភាពក្រីក្រ ហើយប្រទេសនេះកំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណូលរូបិយប័ណ្ណបរទេស រួមទាំងវិស័យទេសចរណ៍ដែលរងគ្រោះដោយជំងឺរាតត្បាត បន្ទាប់មកសង្គ្រាមនៅអ៊ុយក្រែន និងឥឡូវនេះសង្រ្គាមនៅតំបន់ហ្គាហ្សា ហើយនឹងបញ្ហានៅតាមបណ្តោយប្រឡាយស៊ុយអេ។
រវាងឆ្នាំ២០១៣ និងឆ្នាំ២០២២ បំណុលបរទេសរបស់អេហ្ស៊ីបបានកើនឡើងពី ៤៦ពាន់លានដុល្លារ ដល់ជាង ១៦៥ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក (WB) ធ្វើឱ្យខ្លួនក្លាយជាប្រទេសទី២ ដែលប្រឈមនឹងហានិភ័យបំផុតនៃការសងបំណុល បន្ទាប់ពីអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម។ ទោះជាយ៉ាងណាក៏ដោយ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអេហ្ស៊ីបនឹងកើនឡើង ៤.៤ភាគរយ បើធៀបនឹង ៣ភាគរយសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
