នាយករដ្ឋមន្ត្រី ៖ ឪពុកម្ដាយខ្លះស្រឡាញ់កូនជ្រុល បែជាប្រើបណ្ដាញសង្គមបង្ហោះ រិះគន់គ្រូបង្រៀន រឿងដាក់វិន័យកូនសិស្ស
ភ្នំពេញ៖ ឪពុកម្ដាយខ្លះស្រឡាញ់កូនខ្លាំងពេក បែជាប្រើប្រាស់បណ្ដាញសង្គមបង្ហោះ រិះគន់គ្រូបង្រៀន គ្រាន់តែរឿងដាក់វិន័យដល់កូនសិស្ស ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កាលពីកន្លងទៅ សម្តេចបានឃើញតាម បណ្តាញសង្គមហ្វេសបុកមួយ ដែលបានបង្ហោះរិះគន់គ្រូបង្រៀន គ្រាន់តែលោកគ្រូនោះ បានដាក់ពិន័យកូនរបស់ខ្លួន ដោយសារតែធ្វើខុសវិន័យសាលារៀន ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បញ្ហាម្ដាយឳពុកស្រឡាញ់កូនជ្រុលហួស កាន់ជើងកូននេះ គឺកើតឡើងបាន ដោយសារតែអាណាព្យាបាលរបស់សិស្សានុសិស្សខ្លះ មិនសូវបានទំនាក់ទំនងជាមួយគ្រូបង្រៀន ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងរវាងគ្រូបង្រៀន អាណាព្យាបាល ជាមួយសិស្ស ជាកត្តាសំខាន់ ដែលជួយឱ្យការអប់រំ ទទួលបានផលល្អប្រសើរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ



