សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំ និងបណ្តុះបណ្តាល គឺត្រូវធ្វើមួយជីវិត

ភ្នំពេញ៖ ការអប់រំ និងបណ្តុះបណ្តាល មិនមែនអប់រំត្រឹមមួយថ្ងៃ ១២ឆ្នាំ ឬ ២០ឆ្នាំទេ គឺត្រូវការអប់រំបណ្ដុះបណ្ដាលមួយជីវិត ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអប់រំ គឺមិនមែនអប់រំមួយថ្ងៃ ១២ឆ្នាំ ឬ ១៦ឆ្នាំ ២០ឆ្នាំទេ គឺត្រូវការអប់រំមួយជីវិត បណ្ដុះបណ្ដាលមួយជីវិត។

សម្តេចធិបតី បានបញ្ជាក់ថា គ្រូបង្រៀន ក៏ត្រូវតែរៀន សូម្បីសម្ដេចជានាយករដ្ឋមន្ត្រី ក៏ត្រូវតែរៀនរាល់ថ្ងៃដែរ រៀនចំពោះបញ្ហាដែលកើតឡើង រៀនដោះស្រាយបញ្ហាដែលកើតថ្មី ប៉ុន្តែអ្វីដែលជាគុណភាព ធានានូវធនធានមនុស្ស គឺការអប់រំ ហើយជាពិសេស នៅមូលដ្ឋានគ្រឹះតែម្ដង។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការកសាងមូលដ្ឋានគ្រឹះ ដែលយើងដាក់គោលដៅ គឺពង្រឹងនៅមូលដ្ឋាន គឺជាកិច្ចការសំខាន់ ។

សម្ដេចបានបញ្ជាក់ថា គោលដៅនៃការពង្រឹង និងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព គឺជាបរិបទមួយឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ។ ដើម្បីឲ្យវិស័យអប់រំ ដែលជាវិស័យអាទិភាពទី១ មានភាពល្អប្រសើរទៅបាន គឺត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពវិស័យអប់រំ យុវជន និងកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយដែលត្រូវបានកំណត់ជាមុំទី១ នៃបញ្ចកោណទី១ ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងន័យនេះ ការកំណត់អាទិភាពសម្រាប់វិស័យអប់រំ យុវជន និងកីឡា ពិតជាបានគិតគូរគ្រប់ជ្រុងជ្រោយ ដោយឈរលើមូលដ្ឋាននៃការអនុវត្តកំណែទម្រង់អប់រំ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងទទួលបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងផ្នែកបរិមាណវិស័យ និងគុណវិស័យ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner