Samsung Pay ឈប់សហការជាមួយប្រព័ន្ធទូទាត់កាត Mir របស់រុស្ស៊ី
បរទេស៖ ប្រព័ន្ធទូទាត់តាមទូរស័ព្ទដៃ Samsung Pay របស់កូរ៉េខាងត្បូង ឈប់ដំណើរការ ជាមួយកាត Mir របស់រុស្សី ចាប់ពីថ្ងៃពុធនេះតទៅ នេះបើតាមក្រុមហ៊ុន Samsung។
ការសម្រេចនេះ ទំនងជាជាប់ទាក់ទងនឹងការប្រកាសដាក់ទណ្ឌកម្មថ្មី របស់អាមេរិក ប្រឆាំងនឹងប្រព័ន្ធកាតបង់ប្រាក់ជាតិ របស់រុស្ស៊ី ហៅកាត់ NSPK។ អាមេរិកទើបតែបានប្រកាសពីសំពាធ ចុងក្រោយនេះ កាលពីខែខែកុម្ភៈ នៅចំថ្ងៃខួប២ឆ្នាំ នៃសង្រ្គាមពេញលេញ និងការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ។
គួរបញ្ជាក់ថា Samsung បានចាប់ផ្តើមធ្វើប្រតិបត្តិការ ជាមួយប្រព័ន្ធកាត Mir បន្ទាប់ពីរុស្ស៊ីចូលទៅគ្រប់គ្រងតំបន់ គ្រីមៀ ក្នុងឆ្នាំ២០១៤ ពោលគឺបន្ទាប់ពីទណ្ឌកម្មអន្តរជាតិបានចាប់ផ្តើមកំហិតលើការប្រើប្រាស់កាតទូទាត់ អន្តរជាតិ។ ការប្រើប្រាស់ Mir បានកើនឡើង ជាលំដាប់ បន្ទាប់ពីរុស្ស៊ីផ្តើមលុកលុយពេញលេញ លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុនផ្សេងៗទៀត បានដកខ្លួន មានដូចជា Visa និង Mastercard ជាដើម។ ក្រោយមកទៀត Apple Pay និង Google Pay ក៏បានឈប់សហការដែរ។
សហរដ្ឋអាមេរិកនៅតែព្យាយាមបង្កើនលទ្ធភាពដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី រួមទាំង ជាពិសេស ប្រព័ន្ធធនាគារជុំវិញពិភពលោក។ អនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Wally Adeyemo បាននិយាយ ថ្មីៗនេះ ថា វិធានការដូច្នេះបានកាត់បន្ថយលំហូរ នៃមូលនិធិរុស្ស៊ី ទៅកាន់ប្រទេសទីបី។
អស់ពីកូរ៉េខាងត្បូង ប្រព័ន្ធកាត MIR របស់រុស្ស៊ីនៅតែអាចទូទាត់បាន ក្នុងប្រទេសគុយបា វេណេហ្ស៊ុយអេឡា, បេឡារុស, វៀតណាម, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និង តាជីគីស្ថាន។ កាត Mir គឺជាប្រព័ន្ធទូទាត់តាមកាតរបស់រុស្ស៊ី សម្រាប់ការផ្ទេរប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច ដែលបង្កើតឡើងដោយធនាគារកណ្តាលរុស្ស៊ី កាលពីឆ្នាំ២០១៧៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត