កម្ពុជាទាត់ចោលព័ត៌មានជនជាតិឥណ្ឌាជាង ៥ ០០០នាក់ ឆបោកតាមអ៊ីនធឺណិត

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរបស់កម្ពុជា ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អប្សរានៅថ្ងៃអង្គារនេះ បានទាត់ចោលការផ្សព្វផ្សាយយ៉ាងទូលំទូលាយរបស់កាសែតឥណ្ឌា ដែលថា មានជនជាតិឥណ្ឌាជាង៥ ០០០នាក់ត្រូវបានបង្ខំឲ្យប្រព្រឹត្តិអំពើឆបោកតាមអ៊ីនធឺណិតនៅប្រទេសកម្ពុជា។ សារព័ត៌មាន The Indian Express បានផ្សាយថា រដ្ឋាភិបាលឥណ្ឌាប៉ាន់ប្រមាណថា ពួកគេបានឆបោកប្រាក់របស់ជនជាតិឥណ្ឌាដូចគ្នាសរុបប្រមាណ ១,២លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានច្រានចោលយ៉ាងដាច់អហង្ការ។ លោកជំទាវថា គិតចាប់ពីខែសីហាឆ្នាំ២០២២មក អាជ្ញាធរឥណ្ឌា និងកម្ពុជាបានសហការគ្នាក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសចំនួន ១ ៦៤១ករណី និងបានរកឃើញមានករណីឆបោកតែ៥ករណីប៉ុណ្ណោះក្នុងចំណោមករណីសង្ស័យ៦០ករណី។ ដូច្នេះលោកជំទាវថា ការផ្សព្វផ្សាយរបស់ឥណ្ឌាផ្ទុយពីទិន្នន័យពិត។

លោកជំទាវ បានបញ្ជាក់ថា៖«ឥណ្ឌាគួរណាស់តែជួបគ្នា ដើម្បីភាក្សាគ្នា ពីព្រោះអ្វីដែលយើងបានឃើញនៅក្នុងប្រតិបត្តិការពេលកន្លងមកនេះ គឺទូតឥណ្ឌាខ្លួនឯង ក៏បានដឹងដែរថា យើងមានតែ ៦០ ករណី ដែលខាងឥណ្ឌាបានរកឃើញ។ បានន័យថា មានទិន្នន័យស្នើសុំឱ្យស្រាវជ្រាវរកពលរដ្ឋគាត់ជាដើម។ ក្នុងហ្នឹងយើងឃើញមានករណីពិតតែ៥ទេ ហើយក្រៅពីហ្នឹង គឺជាករណីដែលប្រជាពលរដ្ឋគាត់ មកធ្វើការជាមួយគេ ហើយចង់ផ្លាស់ប្តូរទីកន្លែងធ្វើជាបណ្តឹង ដើម្បីឱ្យថា គាត់ជាជនរងគ្រោះ តាមពិតគាត់មិនមែនជាជនរងគ្រោះទេ»។

ដូចគ្នាដែរ ឯកឧត្តម ទូច សុខៈ អ្នកពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ទូរទស្សន៍អប្សរាថា អាជ្ញាធរកម្ពុជា មិនបណ្តាយឱ្យករណីទាំងនេះកើតមាននោះទេ។ លោកអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌា រួមទាំងប្រទេសដទៃទៀត ផ្ដល់ព័ត៌មានឱ្យបានច្បាស់ និងសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីរួមគ្នាបង្ក្រាបបទល្មើស និងសង្គ្រោះជនរងគ្រោះប្រសិនបើមានរឿងបែបនេះមែន។

តំណាងស្ថានទូតឥណ្ឌា មិនទាន់ឆ្លើយតបសំណួររបស់ទូរទស្សន៍អប្សរានៅឡើយនៅត្រឹមថ្ងៃអង្គារនេះ។ យ៉ាងណាក៏ដោយ លោក ស្រ៊ី រ៉ានឌៀ យ៉ាយស្វាល (Shri Randhir Jaiswal) ) អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បាននិយាយតាមប្រព័ន្ធបណ្ដាញសង្គមអិច (x) កាលពីថ្ងៃទី៣០ ខែមីនាថា រដ្ឋាភិបាលឥណ្ឌាកំពុងសហការជាមួយអាជ្ញាធរកម្ពុជា និងភ្នាក់ងារនានាក្នុងប្រទេសឥណ្ឌា ដើម្បីបង្ក្រាបឧក្រិដ្ឋជនទាំងនោះ។ យោងតាម The Indian Express មានជនជាតិឥណ្ឌាប្រមាណ ២៥០នាក់ ត្រូវបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសឥណ្ឌាវិញ។

អង្គការសហប្រជាជាតិ (UN) កាលពីខែសីហា ឆ្នាំ២០២៣ បង្ហាញថា នៅកម្ពុជា មានមនុស្សយ៉ាងហោច ១០ម៉ឺននាក់ កំពុងរងគ្រោះដោយបង្ខំឱ្យធ្វើការជាអ្នកបោកប្រាស់តាមអ៊ីនធឺណិត។ យោងតាមរបាយការណ៍ ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៣ សមត្ថកិច្ច បានរកឃើញ បទល្មើស ចំនួន ១២១៣ ករណី ក្នុងនោះ មានទាំង ករណី ជួញដូរ មនុស្សផងដែរ ៕
ដោយ:ឡុង គីមម៉ារីតា
 
https://indianexpress.com/article/india/govt-cambodia-rescued-250-indians-mea-forced-cyber-slavery-9242118/

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner