យុវជនវឹកវរ បង្កអនាធិបតេយ្យមុនចូលឆ្នាំ

ភ្នំពេញ៖ ចំពេលដែលប្រជាជនខ្មែរកំពុងត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ យុវជនមួយចំនួនរំជើបរំជួល ប្រែការសប្បាយទៅជាភាពអនាធិបតេយ្យនៅកណ្តាលរាជធានីភ្នំពេញដ៏អ៊ូអរ។ ខ្សែអាត់វិឌីអូជាច្រើនដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមបានបង្ហាញសកម្មភាពយុវជនប្រុសស្រីវ័យក្មេងប្រដេញគ្នាតាមដងផ្លូវ បើកម៉ូតូឆ្វេចឆ្វាច ស៊ីប្លេរលាន់កងរំពង។ ធ្ងន់ជាងនេះ ក្មេងៗមួយចំនួនស្ទាក់ម៉ូតូអ្នកដំណើរផ្សេងទៀត ដើម្បីប៉ាតម៉្សៅ ជះទឹក និងខ្លះឆ្លៀតបៀតបៀតរាងកាយផង ដែលខុសពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ។ ក្រសួងវប្បធម៌អំពាវនាវឲ្យបញ្ឈប់សកម្មភាពនេះ ខណៈដែលក្រសួងមហាផ្ទៃចាប់ផ្តើមដាក់កម្លាំងពង្រាយតាមគោលដៅពេញទីក្រុង។

គេឃើញមានបាតុភាពនេះតាំងពីរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ មក ជាពិសេសនៅក្បែរសាលារៀនមួយចំនួននៅក្រុងភ្នំពេញដែលបានប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំថ្មី។ លោក Sopheak Ok Serei អ្នកវិភាគបញ្ហានយោបាយ និងសង្គម បានចាត់ទុកសកម្មភាពនេះថាពាលាអាវាសែ។ ក្នុងកិច្ចសន្ទនាជាមួយទូរទស្សន៍អប្សរា លោកបានចោទសួរពីសមត្ថភាពគ្រប់គ្រងរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយសួរថា តើនេះ ជាជំងឺមហារីករបស់សង្គមយើង ដែលមើលលែងជា ហើយឬយ៉ាងណា? លោក ថា វាជារឿងគួរឲ្យអាម៉ាស់។

ចំណែកលោក ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានជួបប្រទះហេតុការណ៍ទាំងនោះដោយផ្ទាល់។ លោកថា វាទាមទារឱ្យមានការគ្រប់គ្រងឱ្យល្អ មិនថាពេលនេះ ឬក្នុងពេលប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនោះទេ។

ឆ្លើយតបនឹងក្តីបាម្ភខាងលើ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា អះអាងថាក្រសួងបានណែនាំដល់គណៈគ្រប់គ្រងក្នុងការរៀបចំតែក្នុងបរិវេណសាលា ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព។

ដូចគ្នាដែរចំពោះក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ។ ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យសម្គាល់ឃើញថា យុវវ័យក្នុងប្រទេសកម្ពុជា ក៏ដូចជាយុវវ័យដែលមានវប្បធម៌ស្រដៀងគ្នានឹងកម្ពុជា តែងតែជួបប្រទះនូវសកម្មភាព ដែល បណ្តាលមកពីក្មេងៗ បង្កការសប្បាយជ្រុលភ្លេចគិតពីសីលធម៌ និងបង្កផលប៉ះពាល់ដល់អ្នកដទៃ។ ដូច្នេះ ឯកឧត្តម ស្នើឱ្យអាជ្ញាធរមូលដ្ឋាន ចាត់វិធានការតាមស្ថានភាពជាក់ស្តែង។

«ខ្ញុំ ជឿថា អាជ្ញាធរដែនដី អាជ្ញាធរមានសមត្ថកិច្ច ដែលកើតនៅទីតាំងណា  គឺមានវិធានការនៅកន្លែងនោះ ។ ក្រសួងវប្បធម៌ បានត្រឹមតែចេញសេចក្តីអំពាវនាវ សំណូមពរ។ ដល់វិធានការជាក់ស្តែងគឺសមត្ថកិច្ចពាក់ព័ន្ធ»។

ឯកឧត្តម ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថា ចាប់ពីពេលនេះតទៅ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងពង្រាយ ល្បាតនៅលើផ្លូវសាធារណៈ ដើម្បីចៀសវាងការកើតមានហេតុដដែលននេះ ដែលនាំឲ្យប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈតទៅទៀត៕
ដោយៈ ឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner